ក្មេងស្រីម្នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីចាប់ជំរិតដោយបុរសម្នាក់ ដែលនាងបានជួបនៅលើកម្មវិធី Roblox

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២នេះ បើយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។
Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។
អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថាគាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។
បុរសវ័យ៣៣ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ចាប់ជំរិត និងចាប់រំលោភ។ ការចាប់ខ្លួនបុរសរូបនេះបន្ទាប់ពី ក្មេងស្រីរងគ្រោះបានផ្ញើសារទៅកាន់ម្តាយរបស់នាងតាមរយៈ Roblox ដោយផ្តល់អាសយដ្ឋាន និងឈ្មោះហាងមួយចំនួននៅក្នុងតំបន់ដែលនាងត្រូវបានគេយកទៅ។
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីលេងហ្គេមអនឡាញក្នុងចំណោមកុមារគឺមានភាពពេញនិយមណាស់នាពេលបច្ចុប្បន្ន ដូច្នេះអាណាព្យាបាលគួរតែស្វែងយល់អំពីមុខងារគ្រប់គ្រងការប្រើប្រាស់ (parental controls) របស់កម្មវិធីពេញនិយមមួយចំនួនសម្រាប់កុមារ ដើម្បីគ្រប់គ្រងនិងតាមដានការប្រើប្រាស់របស់ពួកគេ។ ជាងនេះទៅទៀតលោកអ្នកគួរតែធ្វើការណែនាំកុមារឱ្យយល់អំពីល្បិចកលលួងលោមរបស់ជនខិលខូច ហើយឱ្យពួកគេមានការប្រុងប្រយ័ត្នក្នុងការផ្ញើសារ ឬនិយាយជាមួយនឹងមនុស្សដែលពួកគេមិនស្គាល់៕

អត្ថបទដែលជាប់ទាក់ទង