សមត្ថកិច្ចនៅមិនទាន់ចាប់បានឡើយ ក្រុមជនល្មើសជាជនជាតិចិននិងខ្មែរ ដែលលើកគ្នាមកវាយស្ត្រីខ្មែរ មានផ្ទៃពោះ ដែលមានប្តីជាជនជាតិចិន ដល់ហាងកែសម្ផស្សមួយ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី០២ខែមីនានៅចំណុចផ្លូវចូលវត្តត្រាចទល់មុខគ្លីនិកនគររាជ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នៅថ្ងៃទី០៤ខែមីនាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថនៅមិនទាន់ចាប់បានឡើយក្រុមជនល្មើសជាជនជាតិចិននិង ខ្មែរដែលលើកគ្នាមកវាយស្ត្រីខ្មែរមានផ្ទៃពោះ ដែលមានប្តីជាជនជាតិចិន ដល់ហាងកែសម្ផស្សមួយនៅក្រុងប៉ោយប៉ែតនិងលើជនរងគ្រោះជនជាតិថៃម្នាក់ទៀត។
សកម្មភាពនេះ ជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនាមកលើម្ចាស់ហាងកែសម្ផស្សពីសំណាក់ក្រុមជនជាតិចិនរួមនឹងសន្តិសុខខ្មែរមួយចំនួនទៀត។ ពួកគេបានលើកគ្នាចំនួនពីរថយន្តមកចូលក្នុងហាងខាងលើរួចវាយជនរងគ្រោះទាំងប្ដីជនជាតិចិនទាំងប្រពន្ធជនជាតិខ្មែរដែលផ្ទៃពោះបួនខែផង។ជនបង្កមានទាំងអាវុធខ្លីនិងដំបងឆក់និងឧបករណ៍ផ្សេងទៀតផងនោះជាឧបទ្ទហេតុបង្កអសន្តិសុខសណ្តាប់ធ្នាប់មួយលើកទៀតរបស់ក្រុមជនជាតិចិននៅក្រុងប៉ោយប៉ែត។ លើកនេះក្រុមជនដៃដល់ដែលគេចាប់រូបថតនិងអត្តសញ្ញាណយ៉ាងច្បាស់ក៏បានរត់ គេចខ្លួនបាត់នៅឡើយ ។
ទោះយ៉ាងណាសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតបានចុះមកដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុលើបទប្រព្រឹត្តនោះហើយ ។
ដើមរឿង គឺជនជាតិថៃម្នាក់(រងគ្រោះ) ទើបមកធ្វើការបានពីរថ្ងៃឱ្យក្រុមហ៊ុនល្បែងអនឡាញមួយរបស់ជនជាតិចិននៅក្រុងប៉ោយប៉ែត ជាមួយជនបង្កជនជាតិចិនម្នាក់ ។ជនរងគ្រោះបានមកកាត់សក់នៅហាងកែសម្ផស្ស កាត់សក់របស់អ្នកស្រីដាលីន អាយុជាង៣០ឆ្នាំនិងប្តីជនជាតិឈ្មោះសូវយ័ន នៅម្តុំគ្លីនិកនគររាជភូមិក្បាលស្ពាន១ ។ពេលនោះក្រុមជនបង្ក(ជនជាតិចិន)៥-៦នាក់ មកតាមជនរងគ្រោះ(ជនជាតិថៃ)ដែលស្គាល់គ្នានឹងឈ្មោះសូវយ័នឱ្យវិល ទៅធ្វើការអនឡាញឱ្យក្រុមខ្លួនវិញហើយចោទថាជនរងគ្រោះមកលួចចូលរួមបង្កើតអនឡាញខ្លួនឯងឬជាមួយក្រុមផ្សេង។ ប៉ុន្តែជនរងគ្រោះថា ប្រកែកមិនព្រមទៅវិញ និង ថានឹងសងជាលុយដើម្បីប៉ះប៉ូវលើកិច្ចសន្យាជាមួយអ្នកនាំចូលធ្វើ ។
បន្ទាប់មកក្រុមជនជាតិចិនមួយក្រុម ជិះឡានពីរគ្រឿង បូកនឹងសន្តិសុខជនជាតិខ្មែរចំនួនប្រមាណ២០នាក់បានលើកគ្នា មកហាងកែសម្ផស្សនោះ ។ ស្ត្រីមានផ្ទៃពោះបួនខែ (មានប្តីជាជនជាតិចិន)ត្រូវជាកូនស្រីរបស់របស់ លោកវរសេនីយ៍ចន្ទ សុភ័ក្ត្រ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាងបានជួយនិយាយបកប្រែឱ្យ ជនរងគ្រោះថា កន្លែងនាងមិនបានបើកអនឡាញទេ គឺមានតែសាឡន កាត់សក់ ហើយមិនបានស្គាល់ជនរងគ្រោះ និងក៏មិនបានហៅធ្វើការអ្វីជាមួយដែរ ។
សាក្សីនិងអ្នកស្រីដាលីនដែលរងគ្រោះបានបន្តថា ដោយមិនស្តាប់ការបកស្រាយក្រុមជនជាតិចិននិងសន្តិសុខជនជាតិខ្មែរទាំង ហ្វូងនោះបានព្រួតគ្នាវាយកំទេចទ្វារផ្ទះហាងរបស់អ្នកស្រីនិងវាយដំដោយដៃ ជើង ដំបងនិងដំបងឆក់ទាំងកម្រោល ព្រៃផ្សៃលើបុរសជនជាតិថៃរងគ្រោះ និងជាពិសេសមកលើអ្នកស្រី ដែលនៅក្រៅសាច់រឿងទៅវិញ ។
ពោលគឺវាយដំជនរងគ្រោះមិនអស់ចិត្តបែរជាមកវាយអ្នកស្រីរងរបួសធ្ងន់ធ្ងរហើយបម្រុងអូសឡើងឡានដើម្បីយកទៅវាយបន្ថែមទៀតនៅកន្លែងគេ ។ ប៉ុន្តែត្រូវអ្នកជិតខាងបង្អើល ទើបពួកគេរត់ឡើងឡាននិងម៉ូតូចេញអស់ទៅ ។
លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនគរបាលប៉ុស្តីរដ្ឋបាលអធិការដ្ឋានក្រុងនិងស្នងការដ្ឋានបាននឹងកំពុងដុតដៃដុតជើងបំបែកសំណុំរឿងនេះដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះក៏ដូចជាថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៃផែនការភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋនិងមូលដ្ឋាន។ .ករណីនេះថ្វីបើចាប់ជនល្មើសមិនបានភ្លាមៗ តែសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាអស់ហើយៗនឹងមិនឱ្យរួចខ្លួនទេ៕