ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
ភ្នំពេញ៖ ប្រទេសកម្ពុជា ប្រទេសដែលធ្លាប់ជួបវិបត្តិភ្លើងសង្គ្រាម និងរងវិនាសសកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ បានបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធគាំពារដល់សុខុមាលភាពគ្មានសេសសល់នោះឡើយ។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងរៀបចំកសាងឡើងវិញយ៉ាងខ្លាំងក្លាបំផុតលើហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យសុខាភិបាល ប្រឹងប្រែងបណ្តុះបណ្តាលគ្រូពេទ្យ និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបទើបនិងសាងសង់រួចរាល់ជាលើកដំបូងនៅលើដីជនបទ ហើយនេះគឺជាសមិទ្ធផលដ៏សំខាន់សម្រាប់គាំពារដល់សុខុមាលភាពប្រជាពលរដ្ឋ។
ឈរលើគោលនយោបាយលើកម្ពស់សុខភាពសាធារណៈឱ្យបានកាន់តែប្រសើរ និងធានាឱ្យបាននូវភាពប្រសើរនូវសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ រាជរដ្ឋាភិបាល បានបង្កើតឱ្យមានមន្ទីរបង្អែកនៅតាមខេត្ត ក្រុង ស្រុក និងបង្កើតមណ្ឌលសុខភាពនៅតាមឃុំផងដែរ។ បើទោះបីយ៉ាងណាការបង្កើតឱ្យមានមន្ទីរពេទ្យបង្អែកតាមខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពតាមឃុំនេះ មិនទាន់ឆ្លើយតបនៅឡើយសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ធ្ងន់ៗដែលគំរាមកំហែងអាយុជីវិត។ ប្រជាពលរដ្ឋនៅតាមទីជនបទនៅពេលមានជំងឺធ្ងន់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដោយចៃដន្យណាមួយនោះ ពួកគេត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ការបញ្ជូនមកស្វែងរកការព្យាបាលពីតាមបណ្តាខេត្ត ឆ្ពោះមករាជធានីភ្នំពេញ ពេលខ្លះធ្វើឱ្យការសង្គ្រោះមិនទាន់ពេលវេលា ហើយអ្នកជំងឺត្រូវបាត់បង់ជីវិតតាមផ្លូវក៏មាន។
ដើម្បីដោះស្រាយបញ្ហាដែលជាក្តីកង្វល់ដ៏ធំនៅក្នុងជីវិតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរ ហើយឈានដល់ការសម្រេចចិត្តសាងសង់មន្ទីរពេទ្យមានការព្យាបាលកម្រិតខ្ពស់មួយនៅលើទឹកដីខេត្តត្បូងឃ្មុំ។
ក្រោមចំណងមិត្តភាព និងការគាំទ្រដ៏មុតមាំផ្នែកថវិកា ពីរដ្ឋាភិបាល និងប្រជាជនចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើសាក្សីនៃការបើកដំណើរការសាងសង់មន្ទីរពេទ្យនេះជាផ្លូវការ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ប្រកបដោយក្តីរីករាយជាទីបំផុត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិត្ត ខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយបរិក្ខារបម្រើការព្យាបាលដ៏ទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ។ តែក៏បានរួមចំណែកបម្រើដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់នោះ ដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «មន្ទីរពេទ្យនេះ មិនមែនតម្រូវតែអ្នកត្បូងឃ្មុំយើងនេះទេ។ វានឹងជាផ្នែកមួយនៃការពិនិត្យព្យាបាលនៅភាគត្រើយខាងកើតទន្លេមេគង្គ ដែលមានមួយផ្នែកចេញមកពីខេត្តព្រៃវែង ដែលនៅជិតខាងជាប់ខេត្តកំពង់ចាម។ ទៅពីនេះមិនឆ្ងាយទៅដល់ឆ្លូង ទៅមិនឆ្ងាយយើងទៅដល់ក្រចេះ វាទៅដល់ស្ទឹងត្រែង វាទៅដល់រតនគិរី មណ្ឌលគិរី ដែលអាចមកកាន់ទីតាំងនេះ ដើម្បីពិនិត្យព្យាបាល»។
សម្តេចតេជោ បានបន្ថែមថា «ឧបករណ៍របស់ចិនកាន់តែទំនើបទៅៗ ជាមួយការបំពាក់បរិក្ខារដទៃទៀត ដែលក្លាយទៅជាមូលដ្ឋានមួយដ៏សំខាននៃការថែទាំសុខភាព និងដោះស្រាយបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ប្រជាពលរដ្ឋទទួលបានសេវាសុខុមាលភាពកាន់តែប្រសើរ»។
បន្ទាប់ពីបើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ដំណើរការសាងសង់ត្រូវបានធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ក្រុមការងារបច្ចេកទេស និងអ្នកសាងសង់ទាំងភាគីកម្ពុជា និងចិន។ ដំណើរការសាងសង់សំណង់ និងការបំពាក់បរិក្ខារនៅក្នុងមន្ទីរពេទ្យដ៏ទំនើបសម្រាប់ជាក្តីសង្ឃឹមដ៏ធំសម្រាប់ពលរដ្ឋលើដីជនបទ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ៕