គយឃាត់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿង សង្ស័យអត់ពន្ធ នៅរតនគិរី
ខេត្តរតនគិរី៖ យោងតាមផេករបស់កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តចំនួន ២គ្រឿងរួមមាន៖
១. រថយន្តម៉ាកឡិចសុីស330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យថាគ្មានពន្ធនាំចូល ឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង។
២. រថយន្តម៉ាកឡិចស៊ីស400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1806 សង្ស័យថាគ្មានពន្ធនាំចូល ឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
រថយន្តទាំង ២គ្រឿង ត្រូវបានរក្សាទុកនៅសាខាគយ និងរដ្ឋាករ ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ខាងគយគេសុំសហការជាមួយកម្លាំងប៉េអឹមខេត្ត លោកឱ្យសួរបញ្ជាក់ទៅខាងគយ។ ទាក់ទិនបញ្ហាគយឃាត់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿងនេះ សារព័ត៌មានមិនអាចសុំការពន្យល់ពីលោក ហាល ទូច ប្រធានស្នាក់ការគយ និងរដ្ឋាករខេត្តរតនគីរីបានទេ ៕