ល្បែងស៊ីសងច្រើនប្រភេទកំពុងកើតឡើងពេញទំហឹង ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាប
សៀមរាប ៖ សេចក្ដីរាយកាណ៍ពីប្រជាពលរដ្ឋក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន ដោយសារសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងប់ស្ងាត់។ ក្នុងមួយថ្ងៃមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេងមិនខ្លាចឆ្លងជំងឺអ្វីនោះទេ ហើយអ្នកលេងល្បែងគឺមានអ្នកចាញ់ច្រើនជាងអ្នកឈ្នះ។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទួលបានប្រយោជន៍ពីមេល្បែងស៊ីសង ទើបបណ្ដាលឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល។
ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ល្បែងស៊ីសងច្រើនប្រភេទកំពុងកើតឡើងពេញទំហឹង ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលាឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម។ ប្រជាពលរដ្ឋសង្ស័យថា មានការឃុបឃិតពីសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានទើបល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញទំហឹងដូចសព្វថ្ងៃនេះ ហើយលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សម្ងំស្ងាត់ឈឹង។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ចាប់តាំងពីល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក ទើបបច្ចុប្បន្ននៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កើតមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ បញ្ហានេះលោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះល្បែងស៊ីសងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មិនសូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ៕