បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធការក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារ តាមរយៈការធ្វើឯកសារបង់ពន្ធ
(ភ្នំពេញ)៖ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្លូវលេខ១៥០ ផ្ទះលេខ២៥១C សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅតាម អំណាចដីការបង្គាប់ឲ្យឆែកឆេរលេខ០២ក .ដ.ឆ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។
នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចំណាត់ការតាមច្បាប់ពាក់ពន្ធរឿង ក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយៈធ្វើឯកសារបង់ពន្ធ។
ក្រុមហ៊ុន (Fedtix business solution co.ltd ) ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវបានកម្លាំងនគរបាលនាយដ្ឋានសន្តិសុខផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារ បានចុះឆែកឆេរ ដើម្បីរុករកវត្ថុតាង ដែលម្ចាស់ក្រុមហ៊ុនដែលគេអះអាងថា ជាមន្រ្តីពន្ធដារបានក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយះធ្វើឯកសារបង់ពន្ធក្លែងបន្លំ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោមការចូលរួមសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោក សុខ ហេង អនុប្រធាននាយដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ការចុះឆែកឆេរក្រុមហ៊ុន ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.កនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានពន្ធដារបានធ្វើការស្រាវជ្រាវ ឃើញថា ម្ចាស់ក្រុមហ៊ុន បានឃុបឃិតគ្នាក្លែងបន្លំឯកសារបង់ពន្ធ ដើម្បីកឹបកេងប្រាក់បង់ពន្ធរបស់រដ្ឋ ដែលមានទឹកប្រាក់រាបលានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ កំព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរា ឧបករណ៍ អេឡិចត្រូនិច ជាច្រើនគ្រឿង, ឯកសារ និងត្រាជាច្រើន ទៀតព្រមទាំងឃាត់ខ្លួនបុគ្គលិកចំនួន៥នាក់ ទៅសាកសួររួមមាន៖
*ទី១៖ ឈ្មោះ ហ៊ត លីហុង ភេទប្រុស ជាប្រធានគណនេយ្យតំណាងក្រុមហ៊ុន
*ទី២៖ ឈ្មោះ ហ៊ុល ស្រីលី ភេទស្រី អាយុ២៣ឆ្នាំ
*ទី៣៖ ឈ្មោះ ឡែម រ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ
*ទី៤៖ ឈ្មោះ ហុង ចានវុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ
*ទី៥៖ ឈ្មោះ កុត សម្បត្តិ។ ពួកគេត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីសាកសួរ។ ចំណែកទីតាំងក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេជាបណ្តោះអាសន្ន។
នៅក្នុងថ្ងៃប្រតិបត្តការនេះដែរ សមត្ថកិច្ចបានចុះត្រួតពិនិត្យឆែកឆេរផ្ទះចំនួន២ទៀត នៅក្នុងខណ្ឌឬស្សីកែវ ១កន្លែង និងខណ្ឌពោធិ៍សែនជ័យ១កន្លែងទៀត៕