បុរសម្នាក់ បើករថយន្តToyota Prius មួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់មួយកង់
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខមន្ទីរពេទ្យ ព្រះកុសមៈ(ហៅពេទ្យលោកសង្ឃ) តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BK-3748ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងតៃកុងស្រវឹងផង និងខ្វះការប្រុងប្រយ័ត្នផង ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ឬក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ខ្ទាតចេញពីជួរចំនួនមួយកង់ ចំណែករថយន្តបង្ករេចង្កូតមកខាងស្ដាំដៃវិញនិងដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងធ្វើការឃាត់ម្ចាស់រថយន្តបង្កយកនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត ។ ចំណែករថយន្តនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតាមច្បាប់៕