ករណីក្មេងស្រីម្នាក់ គេបានប្រទះឃើញតែកាបូបដាក់សៀវភៅ សង្ស័យករណីរំលោភសម្លាប់
បន្ទាយមានជ័យៈ នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ប្រទះឃើញតែកាបូបដាក់សៀវភៅ របស់ក្មេងស្រី អាយុ៨ឆ្នាំម្នាក់ ជាសិស្ស រៀននៅសាលាបឋមសិក្សា ទំនប់ក៥ ភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត នៅក្នុងព្រៃ មួយកន្លែង នាភូមិនេះ។ មុនដំបូង គេមិនដឹងមូលហេតុឡើយ ។ ប៉ុន្តែនៅយប់ នៃថ្ងៃដដែល អ្នកភូមិ បានឃើញរថយន្ត ម៉ាក តូយ៉ូតា ហៃឡែនឌ័រ ១គ្រឿង បើកចូលមកឈប់ មួយសន្ទុះ នៅដីឡូតិ៍ ១កន្លែង ក្បែរកន្លែងកើតហេតុ ក្នុងភូមិនេះ។ តមក អ្នកភូមិ ក៏បានទៅពិនិត្យម្តុំនោះ ហើយក៏រកឃើញសព ក្មេងស្រី មានអាវ គ្មានសំពត់ កប់ក្នុងដី ហើយសង្កត់ដុំថ្ម ពីលើផង ។ ហេតុនេះ សមត្ថកិច្ចចម្រុះ បានដាក់ការសង្ស័យបឋមថា ជាករណីចាប់បង្ខំ រំលោភសម្លាប់ ក្រោយពេលនគរបាលជំនាញ បានធ្វើកោសល្យវិច័យរួច ។
ក្មេងស្រីបាត់ខ្លួននោះ មានឈ្មោះ ហួត លីហ្សា កើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ មានឪពុក ឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ យៀន ខេមរា អាយុ៣១ឆ្នាំ។
ឪពុកម្តាយក្មេងរងគ្រោះ បានអោយដឹងថា ពេលព្រឹក កូនស្រីគាត់ បានទៅរៀន ដូចសព្វមួយដង តែថ្ងៃត្រង់ មិនឃើញត្រឡប់មកផ្ទះវិញ ទើបពួកគាត់ ទៅសួរគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ហើយដឹងថា សិស្សនេះ បានចេញពីរៀន ពីម៉ោងជាង ១០ ព្រឹក។
ឪពុកម្តាយក្មេងស្រី បានមកដាក់ពាក្យបណ្តឹង ករណីបាត់កូនស្រី ។ ភ្លាមៗ លោក និងកម្លាំងនគរបាល បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ហើយក៏បានរកឃើញ កាបូបដាក់ សៀវភៅ ស្បែកជើង និងដបទឹករបស់នាង នៅក្រៅសាលារៀន។ លុះដល់យប់ ទើបឈានដល់ ការរកឃើញនាង តែគួរអោយសោកស្តាយ នាងត្រូវឃាតក សម្លាប់ក្នុងលក្ខណៈដូចខាងលើ។ សមត្ថកិច្ចនគរបាលជំនាញក្រុង ប៉ុស្តិ៍រដ្ឋបាល និងខេត្ត បានសហការនឹងសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យ ធ្វើកោសល្យវិច័យសព ហើយនឹង កំណត់មុខសញ្ញា តាមរកចាប់ខ្លួនជនល្មើស៕