បញ្ជូនខ្លួនបុគ្គលិកក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សីនេស សឹលូសិន ឯ.ក ទៅសាលាដំបូង ពាក់ព័ន្ធករណីក្លែងបន្លំឯកសារ កិបកេងលុយរដ្ឋ រាប់លានដុល្លារ
ភ្នំពេញៈ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាល នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ សហការជាមួយ នាយកដ្ឋានពន្ធដារ បានចុះឆែកឆេរ ក្រុមហ៊ុន ហ្វេតថាក់ប៊ីហ្សីនេស សឹលូ សិន ឯ.ក (Fedtix business solution co.ltd) ដែលជាភ្នាក់ងារសេវាកម្ម ពន្ធដារ ដើម្បីរុករកវត្ថុតាង ដែលគេអះអាងថា ក្រុមហ៊ុននេះ បានក្លែងបន្លំឯកសារ កិបកេង លុយរដ្ឋ រាប់លានដុល្លារ តាមរយៈការធ្វើឯកសារបង់ពន្ធ ហើយសមត្ថកិច្ចជំនាញ បានចាប់ខ្លួន ប្រធានគណនេយ្យ និងបុគ្គលិកក្រុមហ៊ុននេះ បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីស៊ើបសួរ លើសំណុំរឿងនេះ តាមនីតិវិធី។
ជនសង្ស័យទាំង ៤ នាក់ មានៈ ១-ឈ្មោះ ហ៊ត លីហុង ជាប្រធានគណនេយ្យ និងជាតំណាង ក្រុមហ៊ុន, ២-ឈ្មោះ កាំង ប៉េងគីម, ៣-ឈ្មោះ យូ ទី និង ៤-ឈ្មោះ ប៊ុន ឆ្លាត។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ ៩និង២០នាទី ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅផ្លូវលេខ១៥០ ផ្ទះលេខ២៥១C សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមអំណាចដីកាបង្គាប់ឱ្យឆែកឆេរ លេខ០២ក .ដ.ឆ ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច បានចុះឆែកឆេរ ក្រុមហ៊ុនខាងលើ ដើម្បីស្វែងរកវត្ថុតាង។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួម សម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោក សុខ ហេង អនុប្រធាននាយកដ្ឋាន ពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ផងដែរ។
ការចុះឆែកឆេរក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សីនេស សឹលូសិន ឯ.កនេះ បានធ្វើឡើង បន្ទាប់ពីនាយកដ្ឋានពន្ធដារ បានធ្វើការស្រាវជ្រាវ ឃើញថា ម្ចាស់ក្រុមហ៊ុន បានឃុបឃិតគ្នា ក្លែងបន្លំឯកសារបង់ពន្ធ ដើម្បីកិបកេង ប្រាក់បង់ពន្ធរបស់រដ្ឋ ដែលមានទឹកប្រាក់ រាប់លានដុល្លារសហរដ្ឋអាមេរិក។
តាមសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងជាច្រើន រួមមាន កំុព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរ៉ា ឧបករណ៍អេឡិចត្រូនិក ជាច្រើនគ្រឿង ,ឯកសារ និងត្រាជាច្រើនទៀត ព្រមទាំងឃាត់ខ្លួន បុគ្គលិកចំនួន ៥ នាក់ យកទៅសាកសួរ ។ ចំណែក ទីតាំងក្រុមហ៊ុន ត្រូវបានសមត្ថកិច្ច បិទសៀលប្លុមបេ ជាបណ្តោះអាសន្ន។
ជនសង្ស័យទាំងបួននាក់ កំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ បើកការស៊ើបសួរ នៅឡើយ ៕