លង់ខ្លួនអស់ប្រាក់ ប្រមាណ ៦០ម៉ឺនដុល្លារ តារាសម្ដែង និងជាពិធីការិនី អ្នកនាង សូដានីតា បានបង្ហាញនូវកំហឹងឆេះឆួលរបស់ខ្លួនជាសាធារណៈ ទៅលើជនឆបោកចំនួន ២១នាក់

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមផ្លូវការ របស់តារាសម្តែងអ្នកនាង សូ ដានីតា បានប្រកាសជាចំហថា «ទូលយកទៅពពួកបោក២១នាក់ ស្មើនឹង២១ក្បាល។ ខ្ញុំរើសអំរែកពួកនាក់មកស្ពាយ ទាំងខ្ញុំជាអ្នកជួយពួកអ្នកដោះទ័ល ទាំងអ្នកខ្លះមិនដែលស្គាល់លុយ ១០០០០ដុល្លារទេ។ ហើយខ្លះនៅសល់លុយខ្ញុំ ជួយយកទៅហ៊ឺហាស៊ីចាយវាយរាល់យប់មានបាន ដល់ទីបញ្ចប់ខ្ញុំអ្នករែក រាល់សំពាយកម្មសណ្តានបោក គំនិតអាក្រក់របស់ពួកអ្នក»។
តារាសម្ដែង និងជាពិធីការិនី អ្នកនាង សូដានីតា បានបង្ហាញនូវកំហឹងឆេះឆួលរបស់ខ្លួនជាសាធារណៈ ទៅលើជនឆបោកចំនួន ២១នាក់ ក្នុងសមាគមប្រាក់សន្សំ ដែលភាសាសាមញ្ញហៅថា «លេងតុទីន» ខណៈដែលនាងទ្រាំលែងបាន គឺដល់ថ្នាក់ដាក់បណ្ដាសា តដល់កូន ចំពោះជនឆបោកទាំង២១នាក់ ដែលមិនព្រមសងលុយមកនាងវិញ សរុបទាំងអស់មានប្រមាណរហូតដល់ ៦០ម៉ឺនដុល្លារឯណោះ។
សូ ដានីតា ៖ «បើខ្ញុំមានកម្មព្រោះតែពួកអ្នក ក្នុងរយៈពេលនេះពិតមែន!។ ខ្ញុំសុំដាក់បណ្តាសាសូមឲ្យផលកម្មសងទៅពួកអ្នក ទាំងខ្លួនអ្នក និងកូនៗ របស់អ្នក ក្នុងចំណោម ២១ក្បាល នឹងកុំឲ្យរំលងឲ្យសោះ»។
សម្រាប់តារាសម្ដែង សូ ដានីតា នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គេមហាជន និងអ្នកគាំទ្រ តែងតែសង្កេតឃើញនាង បង្ហាញជាសាធារណៈពីវិបត្តិហិរញ្ញវត្ថុ ដោយសារតែការលេងតុងទីន ជាមួយនឹងអ្នកសិល្បៈដូចគ្នា និងអ្នកស្គាល់គ្នា មួយចំនួនធំ។ ជាការពិតចាប់តាំងពីប្រទេស ជួបនូវវិបត្តិជំងឺរាតត្បាតកូវីដ-១៩មក ការងាររកប្រាក់ចំណូលរបស់អ្នកសិល្បៈ បានជួបប្រទះនូវបញ្ហាយ៉ាងច្រើន ធ្វើឲ្យអ្នកខ្លះត្រូវក្ស័យធន លើមុខរបររបស់ខ្លួនក៏មាន។
ចំណុចនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកដែលជាប់ជំពាក់គ្នា ក្នុងសមាគមសន្សំប្រាក់ ដែលធ្លាប់តែបង់ជាប្រចាំមិនដែលដាច់ រហូតដល់អ្នកខ្លះត្រូវលក់ទ្រព្យ សងបំណុលគេក៏មានដែរ។ ជាក់ស្ដែងសម្រាប់តារាសម្ដែង សូ ដានីតា ក្នុងនាមនាងជាអ្នកទទួលខុសត្រូវ ខ្ពស់ជាងគេ ក៏កំពុងជួបប្រទះនូវបញ្ហាមួយនេះ ដោះស្រាយមិនចេញដែរ ខណៈអ្នកដែលនាងទុកចិត្តខ្លាំង ដល់មនុស្សធ្លាប់ស្គាល់គ្នា ហ៊ានដាក់ទុនរកស៊ីជាមួយរាប់ម៉ឺនដុល្លារ បែរជាអ្នកទាំងអស់នោះ រត់ចោលនាងអស់រលីង។
សូមរំឭកថា មួយរយ:ចុងក្រោយនេះគេសង្កេតឃើញ មានតារាសិល្បៈមួយចំនួនមកហើយ ដែលបានប្រកាសផុងខ្លួន ដោយការចាញ់បោកលុយអស់រាប់ម៉ឺន ក្នុងនោះតារាចម្រៀងស្រី សូ ដានីតា ក៏បានប្រកាសលង់ខ្លួនអស់ប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង