រឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចម្លែក! បាត់ខ្លួនបេក្ខភាពតំណាងកម្ពុជា «Mister Global Cambodia 2022» លោក ហោ សុវណ្ណគិរីដា ពេលទៅប្រកួតនៅប្រទេសថៃ នៅតែគ្មានដំណឹង (បាត់ខ្លួនដ៏អាថ៌កំបាំង)

(ភ្នំពេញ)៖ យ៉ាងណាមិញ ការប្រកួតដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នេះ ក៏មិនបានឃើញបេក្ខភាពតំណាងកម្ពុជា លោក ហោ សុវណ្ណគិរីដា ចូលរួមដែរ។

អាចចាត់ទុកថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចម្លែកមួយ ខណៈដែលបេក្ខជនតំណាងឲ្យប្រទេសកម្ពុជា «Mister Global Cambodia 2022» លោក ហោ សុវណ្ណគិរីដា បានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីថ្ងៃដែលលោកធ្វើដំណើរ ទៅចូលរួមប្រកួតនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ រហូតមកដល់នឹងពេលនេះ នៅតែគ្មានដំណឹង។

ការបាត់ខ្លួនដ៏អាថ៌កំបាំង នៃបេក្ខជនតំណាងកម្ពុជានេះ ត្រូវបានប្រកាសជាសាធារណៈតាមរយៈបណ្ដាញសង្គមផ្លូវការមួយឈ្មោះថា «Team Cambodia» ដោយបានបញ្ជាក់ថា «ដំណឹងបាត់លោក Sovan Kirida ដែលជាបេក្ខភាព Mister Global Cambodia 2022 ដែលគិតចាប់ពីថ្ងៃ ហោះហើរទៅកាន់ប្រទេសថៃ នៅថ្ងៃទី០៧ មីនា រហូតមកដល់ថ្ងៃទី១០នេះ គឺមិនទាន់ឃើញបេក្ខភាពកម្ពុជា នៅក្នុងការប្រកួតនៅឡើយទេ»។

ប្រភពដដែលបានបន្តថា «ព័ត៌មានមកទល់ម៉ោងនេះ មិនទាន់មាននរណាម្នាក់អះអាងថា លោក Sovan Kirida កំពុងនៅកន្លែងណានោះទេ (នៅក្នុងប្រទេសថៃ)។ បើយោងតាមអ្នក ស្គាល់ជិតស្និទ្ធ ក៏មិនមានការឆ្លើយតបពីលោកវិញដែរ។ ដោយមិនទាន់ច្បាស់លាស់ថាការ online account facebook របស់គាត់ គឺម្ចាស់សាមីខ្លួនអ្នកកាន់ ឬក៏យ៉ាងណា?»។

ជុំវិញការបាត់ដំណឹងដ៏ចម្លែកនេះ ត្រូវបានមហាជន អ្នកគាំទ្រ ជាពិសេសក្រុមគ្រួសារសាច់ញាតិ សម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ដោយម្នាក់ៗបានខិតខំស្វះស្វែង ដើម្បីរកមធ្យោបាយទាក់ទងទៅរូបលោក ហោ សុវណ្ណគិរីដា នៅក្នុងប្រទេសថៃ ខណៈដែលទូរស័ព្ទ និងគណនីហ្វេសប៊ុក ដែលធ្លាប់តែបើកជាប្រចាំនោះ ក៏ត្រូវបានបិទទាំងអស់។
សូមបញ្ជាក់ថា មហាជនតែងសង្កេតឃើញថា គ្រប់បេក្ខភាពទាំងអស់ ដែលតំណាងឲ្យប្រទេសកម្ពុជា ពេលចេញទៅប្រកួតប្រជែង នៅតាមបណ្ដាប្រទេសនានា តែងតែធ្វើការ Live ឬផ្ដល់ដំណឹង តាមរយៈបណ្ដាញសង្គម ជាប្រចាំ គ្រប់សកម្មភាព ដើម្បីឲ្យអ្នកគាំទ្របានដឹង និងធ្វើការបោះឆ្នោតជូនជាដើម។ ប៉ុន្តែចម្លែកអ្វីសម្រាប់បេក្ខជន ហោ សុវណ្ណគិរីដា បែរជាបាត់ដំណឹងសូន្យឈឹង ធ្វើឲ្យក្រុមការងារ, អ្នកគាំទ្រក្នុងប្រទេស, មិត្តជិតស្និទ្ធ និងសាច់ញាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ ក៏នៅតែមិនទាន់បានទទួលដំណឹងថា លោកនៅកន្លែងណាឲ្យប្រាកដនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង