សម្រេចដកហូតដីមួយកន្លែង ក្រោយមានការលួចទន្ទ្រាន នៅស្ទឹងត្រែង

(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ក្នុងពេលដឹកនាំកម្លាំងចម្រុះ បានឲ្យដឹងថា ដីបម្រុងរបស់ក្រសួងកសិកម្ម ស្ថិតក្នុងភូមិបានប៊ុង ឃុំភ្លុក ត្រូវជនមួយចំនួនលួចទន្ទ្រានកាន់កាប់នាពេលនេះ ជាដីដែលក្រសួងកសិកម្ម មានប្លង់កាន់កាប់ស្របច្បាប់ត្រឹមត្រូវ ដែលដីបម្រុងនេះក្រសួង មានគម្រោងរៀបចំជាមជ្ឈមណ្ឌលស្រាវជ្រាវពិសោធន៍ពូជដំណាំកសិកម្ម។ ដីបម្រុងរបស់ក្រសួងកសិកម្មមានទំហំ ១៩១៤,២៣៦៧ហិកតា។ កន្លងមកអាជ្ញាធរខេត្ត និងក្រសួងក៏ធ្លាប់បានសហការគ្នាចុះទៅជួបស្វែងរកដំណោះស្រាយ និងហាមឃាត់កុំឲ្យជនមួយចំនួនកាន់កាប់ ដោយខុសច្បាប់បន្តទៀត តែជនទាំងនេះ នៅតែបន្តទន្ទា្រនកាន់កាប់បន្តទៀត ដោយមិនព្រមស្តាប់។
ពេលកន្លងមក មន្ត្រីជំនាញថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ធ្លាប់បានចុះអប់រំណែនាំ ឲ្យបញ្ឈប់ការកាប់ទន្រ្ទាន និងធ្វើកិច្ចសន្យាប្រគល់ដីនោះមករដ្ឋវិញជាមួយមន្រ្តីជំនាញទៀតផង តែអ្នកខ្លះក៏បានចាកចេញ ហើយខ្លះទៀត ក៏នៅតែបន្តគ្រប់គ្រង បំពានកិច្ចសន្យា។
«ថ្ងៃនេះ ខ្ញុំសូមបងប្អូនសហការជាមួយក្រុមការងារ និងអនុវត្តតាមកិច្ចសន្យា។ ចំណែកបងប្អូនដែលភាគច្រើនទើបតែផ្លាស់មកនេះ ពិតគ្មានដីរស់នៅ បង្កបង្កើនផលពិតប្រាកដ សូមដាក់សំណើរមកភូមិឃុំស្រុក ដើម្បីស្នើសុំការបញ្ចូលក្នុងគម្រោងសម្បទានសង្គមកិច្ច»។
ក្នុងប្រតិបត្តិការនេះក្រុមការរងារថ្នាក់ជាតិ និងខេត្ត បានសម្រេចបង្កើតក្រុមការងារ ដែលសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ចុះទៅអនុវត្តច្បាប់ដកហូតយកដីពីជនទាំងនោះមកវិញ ហើយប្រគល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រាប់ប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង