ស្ត្រីអ្នកភូមិម្នាក់បានដង្ហក់ត្រដរខ្យល់រួចជិះម៉ូតូ ទៅដួលដាច់ខ្យល់ស្លា..ប់ នៅមុខផ្ទះគ្រូពេទ្យម្នាក់ បង្កការភ្ញាក់ផ្អើល
បន្ទាយមានជ័យៈ ករណីនេះ បានកើតឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅមុខផ្ទះរបស់ឈ្មោះ ធាន ធី គ្រូពេទ្យមណ្ឌលសុខភាព បឹងត្រកួន នាភូមិត្រពាំងសំរោង ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ស្ត្រីអ្នកភូមិម្នាក់ បានដង្ហក់ ត្រដរខ្យល់ រួចជិះម៉ូតូ ទៅដួលដាច់ខ្យល់ស្លាប់ នៅមុខផ្ទះគ្រូពេទ្យម្នាក់។ ឧបទ្ទវហេតុនេះ សមត្ថកិច្ច និងគ្រូពេទ្យ បានសន្និដ្ឋានបឋមថា អាចមកពីជនរងគ្រោះ កោសខ្យល់ ខ្វល់ខ្លាំងខ្លួនឯង ទើបបណ្ដាល ឲ្យដាច់សរសៃឈាមស្លាប់ ។
ប្រជាពលរដ្ឋរងគ្រោះ មានឈ្មោះ ភុំ វៀន ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិ ត្រពាំងសំរោង ឃុំគោរមៀត ។
យោងប្រជាពលរដ្ឋ ឈ្មោះ រិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់ភូមិខាងលើដែរ បានប្ដឹងរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដូចដែលបានរៀបរាប់ថាៈ ស្ត្រីរងគ្រោះរូបនេះ បានជិះម៉ូតូ ដឹកចៅប្រុស អាយុប្រហែល ៨ឆ្នាំ មកផ្ទះ របស់ឈ្មោះ ធាន ធី ជាគ្រូពេទ្យមណ្ឌលសុខភាព បឹងត្រកួន ភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក។ ពេលនោះ ជនរងគ្រោះ បានស្រែកហៅឈ្មោះ ផល (ប្រពន្ធពេទ្យ ធី) ដែលគាត់កំពុងសម្រាក នៅកញ្ចុះមុខផ្ទះ ដោយប្រាប់ថា សូមជួយអ្នកស្រីផង ដោយមាន អាការៈ ថប់ដង្ហើម មិនស្រួលខ្លួន ពិបាកណាស់ ។ មិនទាន់បានតបសំដីផង ស្ត្រីរងគ្រោះ ក៏បានដួលសន្លប់ នៅលើគ្រែ ក្នុងផ្ទះពេទ្យ នោះទៅ ។ អ្នកស្រី ប្រពន្ធពេទ្យ និងគ្រូពេទ្យ បានខិតខំជួយ សង្គ្រោះ និងធ្វើចលនាបេះដូង ។ ប៉ុន្តែជួយបានមួយសន្ទុះ គ្រូពេទ្យនេះ បានប្រាប់ថា ជនរងគ្រោះ ឈ្មោះខាងលើ បានដាច់ខ្យល់ស្លាប់ហើយ ។
សមត្ថកិច្ចនគរបាល និងគ្រូពេទ្យ បានសន្និដ្ឋានបឋមថា ស្ត្រីរងគ្រោះនេះ មានអាការៈ កើតខ្យល់ ហើយបានកោសខ្យល់ ខ្វល់ខ្លួនឯង ទើបបណ្ដាល ឲ្យដាច់សរសៃឈាមស្លាប់ ក្នុង នោះ ឃើញស្លាកស្នាមលើដើមទ្រូងរបស់ ស្ត្រីរងគ្រោះ មានស្នាមជាំ ដោយកោសខ្យល់៕