លោក ហ៊ុន ម៉ានី ៖ ស.ស.យ.ក បានបណ្តុះនូវស្មារតី និងគំនិតនៃការចេះជួយគ្នា

(ស្វាយរៀង)៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង លោក ហ៊ុន ម៉ានី បានលើកឡើងពីឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក ក្នុងបេសកម្មផ្តល់ត្រលប់ជូនសង្គម និងបម្រើប្រយោជន៍ប្រជាជន ជូនដល់អង្គពិធីទាំងមូល។ លោកបានបញ្ជាក់ថា «បើគិតត្រឹមជារូបភាពនៃការស្មគ្រ័ចិត្តអាចនឹងសាមញ្ញ តែអ្វីដែល ស.ស.យ.ក ធ្វើ គឺបានបណ្តុះនូវស្មារតី និងគំនិតនៃការចេះជួយគ្នាពីមួយជំនាន់ទៅមួយជំនាន់»។
លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារទាំងការអភិរក្ស និងអភិវឌ្ឍ ក្នុងនោះរួមមាន៖ ការបង្កើតជាកម្មវិធីវង់តន្ត្រីខ្មែរ វេទិកាអភិវឌ្ឍសមត្ថភាព កម្មវិធីវោហាសព្ទយុវជន រួមជាមួយការគិតគូរចំពោះអនាគតប្រទេសជាតិ ជាពិសេសលើទិដ្ឋភាពបច្ចេកវិទ្យា ក៏ដូចជាបរិបទបដិវត្តឧស្សាហកម្ម៤.០ បន្ថែមលើកម្មវិធីសង្គម និងមនុស្សធម៌ជាច្រើនផ្សេងទៀត។
សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តស្វាយរៀង ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលលនៃគណៈអភិបាល លោក ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក. និងជា ប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង រួមជាមួយសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តស្វាយរៀងផ្ទាល់។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី ក៏បានរំលឹកនូវគម្រូវីរភាពរបស់ថ្នាក់ដឹកនាំទី១ របស់ស.ស.យ.ក. ដែលបានបង្ហាញផ្លូវ និងតម្រង់ទិស ថ្នាក់នាំយុវជនជំនាន់ក្រោយ តាមរយៈបទពិសោធន៍នៃសកម្មភាពជាក់ស្តែង មិនថាការលះបង់ និងការតស៊ូពុះពារក្នុងបុព្វហេតុជាតិមាតុភូមិ។ សកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំ បានក្លាយជាមូលដ្ឋានគ្រឹះជំរុញចិត្តក្រុមគ្រួសារស.ស.យ.ក. គ្រប់ជំនាន់ ដើម្បីបន្តស្មារតី និងសកម្មភាពទាំងឡាយ ដែលផ្តល់ជាភាពវិជ្ជមានជូនដល់សង្គម។ សកម្មភាពទាំងអស់របស់ថ្នាក់ដឹកនាំ បានក្លាយជាមូលដ្ឋានគ្រឹះជំរុញចិត្តក្រុមគ្រួសារស.ស.យ.ក. គ្រប់ជំនាន់ ដើម្បីបន្តស្មារតី និងសកម្មភាពទាំងឡាយ ដែលផ្តល់ជាភាពវិជ្ជមានជូនដល់សង្គម៕

អត្ថបទដែលជាប់ទាក់ទង