ពលករខ្មែរវិលពីថៃមកកម្ពុជាវិញតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ
ព្រំដែនកម្ពុជា ថៃៈ នេះបើយោងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចនគរបាល និងមន្ត្រីសុខាភិបាល នៅស្ថានីយ៍ទទួលពលករខ្មែរ ច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។
ក្នុងអំឡុងខែកុម្ភៈ និងមីនា ឆ្នាំ២០២២ ពលករខ្មែរ វិលពីថៃ មកកម្ពុជាវិញ តាមច្រកព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានកើនចំនួន ហើយអ្នកវិជ្ជមាន កូវីដ-១៩ ក៏កើនឡើង គួរអោយកត់សម្គាល់ និងក៏គួរអោយបារម្ភ ។
សម្រាប់នៅច្រកព្រំដែនអូរបីជាន់ តួលេខចំនួនពលករខ្មែរ ដែលអាជ្ញាធរមាន សមត្ថកិច្ចថៃ ចាប់បញ្ជូន និងដែលសាម៉ីខ្លួន ពលករវិលវិញខ្លួនឯង គិតក្នុងខែកុម្ភៈ និង មីនា នេះ មានពី ១៥០ នាក់ ទៅ ៣៥០ នាក់ ក្នុង១ថ្ងៃៗ ហើយ អ្នកវិជ្ជមាន កូវីដ-១៩ ដែលគ្រូពេទ្យប្រចាំការ ធ្វើតេស្តរហ័សរកឃើញ មានពី ៥ ទៅ ២០ នាក់ ក្នុងនោះ អ្នកវិជ្ជមាន មានទាំងស្ត្រី កុមារ ផងដែរ។ ពោលគឺ តាមធម្មតា ពលករវិលវិញ មានតែពី ៨០ ទៅ ២០០ នាក់ ក្នុង១ថ្ងៃៗ។ ឯអ្នកវិជ្ជមានកូវីដ១៩ មានពី ១ ទៅ ៥ នាក់ ក្នុង១ថ្ងៃៗ។ ក្នុងចំណោមពលករ ដែលវិជ្ជមាន គឺភាគតិច បានកើតលើ អ្នកបានចាក់វ៉ាក់សាំង ។ តែកើតច្រើនលើអ្នកអត់បាន ចាក់វ៉ាក់សាំង ដោយអ្នកអត់បាន ចាក់វ៉ាក់សាំង មានពី ១៥ ទៅ ២០ ភាគរយ នៃចំនួនពលករ សរុបវិលវិញ ក្នុង១ថ្ងៃៗ ។
ក្នុងអំឡុងខែមីនា និងរយៈពេល ឆ្ពោះទៅបុណ្យចូលឆ្នាំខ្មែរ ខាងមុខ បរិមាណពលករខ្មែរ វិលវិញ តាមច្រកនេះ ក៏កើនឡើងខ្ពស់ គឺមានពី ២៥០ ទៅជិត ៥០០ នាក់ ក្នុង១ថ្ងៃៗ ។ ហើយអ្នកវិជ្ជមានកូវីដ-១៩ មានពី ២០ ទៅ ៤០ នាក់ ក្នុង១ថ្ងៃៗ ពោលគឺ កើនឡើងពី ២ ទៅ ៣ ដង បើប្រៀបធៀបនឹងចំនួន ធម្មតា ពលករខ្មែរឆ្លងដែន ពីថៃ មកកម្ពុជាវិញ៕