បញ្ជូនខ្លួនយុវជន ៣នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ដាវកែច្នៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២នេះ បញ្ជូនខ្លួនយុវជន ៣នាក់ ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី បន្ទាប់ពីឃាត់ខ្លួនពួកគេ ពាក់ព័ន្ធករណីកាន់កាប់ដាវកែច្នៃខុសច្បាប់។

ជនសង្ស័យទាំង ៣នាក់នេះ៖ ទី១-ឈ្មោះ សុភាព រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ,ទី២-ឈ្មោះ តែម ចាន់ភិគុណ ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ,និងទី៣-ឈ្មោះ វី សាវង់ ហៅ វ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺពួកគេបានជិះម៉ូតូចំនួន២គ្រឿងដើរលេងពេលយប់ តែបានដាក់ដាវ កែច្នៃ ១ដើមតាមខ្លួន ក៏ត្រូវកម្លាំងរបស់លោក បានចុះល្បាតការពារ ថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ឃាត់ខ្លួន នៅវេលាម៉ោងជាង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនបាននាំគ្នា ជិះម៉ូតូចំនួន ពីរគ្រឿង មកហូបចំណី នៅសួនមានជ័យ អង្គុយលេងនៅក្នុងបរិវេណ សួនមានជ័យ ។ ចំពោះដាវកែច្នៃ ១ដើមនោះ ពួកខ្លួនដាក់មក ដើម្បីការពារខ្លួន ព្រោះមានគូទំនាស់ ប៉ុនប៉ងសម្លាប់។ ពេលធ្វើតេស្តទឹកនោម យុវជនទាំង បីនាក់ ត្រូវរកឃើញមានវិជ្ជមានថ្នាំញៀន ហើយត្រូវបាន បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
ដោយឡែកលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ក៏បានបញ្ជាក់ដែរថា ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង