រថយន្តសាំយ៉ុង គោយន្តកន្ត្រៃ និងរ៉ឺម៉កជាច្រើនគ្រឿង កំពុងធ្វើការសម្រុកដឹកជញ្ជូនធ្យូង ចេញពីចំណុច ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ យ៉ាងកំហុក ដែលគេមិននឹកស្មានដល់
{ស្រុកចិត្របុរី}÷ នៅរសៀលថ្ងៃទី .៩ . ១០ .១១ ខែមិនា ឆ្នាំ ២០២២ នេះ នាពេលកន្លងមកពួកគេតែងតែសង្កេតឃើញ ថាមានរថយន្តសាំយ៉ុង គោយន្តកន្ត្រៃ និងរ៉ឺម៉កជាច្រើនគ្រឿង កំពុងធ្វើការសម្រុកដឹកជញ្ជូនធ្យូង ចេញពីចំណុច ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ យ៉ាងកំហុក ដែលគេមិននឹកស្មានដល់ ។
ទើបតែមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២២នេះ ប្រភពប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីមានសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយអំពីសកម្មភាពលំហូរឈើនិងធ្យូង យ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដី ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ស្រាប់តែគេឃើញ លោកឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពដែលក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើនិងធ្យូង ពលរដ្ឋចាំមើលថាតើការបង្ក្រាបនិងទប់ស្កាត់នេះមានរយៈពេលប៉ុន្មានថ្ងៃឬក៏មួយចម្អិនកំពឹសទេដឹង ? ។
ជុំវិញនៃការដឹកជញ្ជូនធ្យូងយ៉ាងអនាធិបតេយ្យទាំង នេះផងដែរ តែត្រូវបានមន្ត្រី ប្រចាំការមូលដ្ឋាន ដែលមានលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា មន្ត្រីជំនាញដែលពាក់ព័ន្ធ ជាពិសេសលោកឃ្លាំងណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត លោកមានការយោគយល់ និងអធ្យាស្រ័យ ដល់ក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូន ធ្យូងនិងឈើទាំងនោះ កុំថាឡើយ យកថ្លៃបាយទឹក ពីពួកគេ ចំពោះបញ្ហាបទល្មើសតូចតាចទាំងនេះ លោកពុំដែលយកភ្នែកមើលផង។
ប៉ុន្តែផ្ទុយទៅវិញ ក្រុមឈ្មួញទាំងនោះ បានចេះតែធ្វើការ មូលបង្កាច់និងចោទប្រកាន់ ទៅលើលោកឃ្លាំងណារ័ត្ន ដែលជានាយសង្កាត់នោះថា ការដឹកជញ្ជូនរបស់ពួកគេសព្វថ្ងៃនេះ ថ្វីដ្បិតតែលោកឃ្លាំងណារ័ត្ន មិនបានយកលុយ ពីពួកគេដោយផ្ទាល់ ក៏ពិតមែន ប៉ុន្តែលោក ឃ្លាំង ណារ័ត្ន បានប្រើបុគ្គលម្នាក់ សុំមិនបញ្ចេញឈ្មោះ ជាអ្នកដើរប្រមូលលុយ ពីពួកគេ មកហើយពុំមានការលើកលែង ឬអនុគ្រោះ ដូចការលើកឡើងនៅខាងលើនោះឡើយ។ ប៉ុន្តែអ្វីដែលជាការពិត ឬមិនពិតយ៉ាងណានោះ ក្រុមការងារ ពុំទាន់បានសុំការបញ្ជាក់ នឹងបកស្រាយ ពីលោកឃ្លាំង ណារ័ត្ន បាននៅឡើយទេក្នុងថ្ងៃនេះ មូលហេតុទូរស័ព្ទចូលហើយ ឮតែសំឡេងរោ កុំមានអ្នកទទួល។
ជុំវិញបញ្ហានៃការលើកឡើង និងចោទប្រកាន់ពីពលរដ្ឋនិងក្រុមឈ្មួញនេះដែរ ក្រុមការងារនិងធ្វើការផ្សព្វផ្សាយបន្តបន្ទាប់ទៀត ប្រសិនបើមានការទប់ស្កាត់និងបកស្រាយ ពីលោកឃ្លាំងណារ័ត្ន ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ៕