ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ និងយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋទៅលក់ដូរ

ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៧ខែមីនា ឆ្នំា២០២២នេះ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ និងយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋទៅលក់ដូរ ត្រូវកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំតាមស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការតាមនីតិវិធី ។
នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដែលចេញកាលពីថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២២ កន្លងទៅ។
ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ុត លន់ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាជនសង្ស័យ) និងទី២-ឈ្មោះ ឡុញ ញាញ់ ភេទប្រុសអាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជនសង្ស័យ)។
តាមដីកាបានបញ្ជាឱ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំរៀងរាល់ម៉ោងធ្វើការឱ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីករណី «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង រំលោភយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋ និងសុំឱ្យផ្តល់ ឯកសារដោយទុច្ចរិត»។ ក្នុងករណីរឹងរូសអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំជននោះឱ្យចូលបង្ហាញខ្លួន។
ជនសង្ស័យទាំង២នាក់ នៅថ្ងៃទី១៧ ខែមីនាត្រូវបាននគរបាលនាំយកទៅសួរនាំដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង