ពិតជាសាហាវណាស់! អតីតប្តីបានយកទឹកអាស៊ីតជះទៅលើ ប្រពន្ធនិងកូន កំពុងដេកលង់លក់ បណ្តាលឲ្យរលាកពេញខ្លួន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់បានគេចខ្លួនបាត់

ខេត្តតាកែវ៖ កាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ។ ជនដៃដល់ឈ្មោះខាយ ទ្រី ហៅឌឹក ភេទប្រុស អាយុ៣៩ឆ្នាំ ។
ជនដៃដល់និងជនរងគ្រោះជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការរយៈពេលជិត២០ឆ្នាំមកហើយ និងមានកូនប្រុសស្រី២នាក់ជាចំណងដៃ ។ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេល៥ខែមកហើយ ក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។
សាក្សីបានបន្តថា លុះមកដល់យប់ថ្ងៃកើតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ហើយដោយសារតែយប់ជ្រៅទៅហើយជនរងគ្រោះ ក៏បានឃាត់អតីតប្តីនោះឱ្យសម្រាកនៅផ្ទះមួយយប់សិន ដោយជនដៃដល់ដេកខាងលើផ្ទះ ចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ ខណៈដែលជនរងគ្រោះនិងកូនៗ កំពុងដេកលង់លក់ ស្រាប់តែជនដៃដល់បានយកទឹកអាស៊ីតមកជះពីលើបណ្តាលឱ្យរលាកទាំងម្តាយនិងកូនរងរបួសធ្ងន់ ហើយភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់ទៅ។
ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយបានសំណូមពរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមេត្តាតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង