ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក០៥នាក់ ស្រាវជ្រាវធ្វើការឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីបុរសម្នាក់ បានសម្រេច រួចរត់គេចខ្លួនអស់ជាច្រើនថ្ងៃ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះ ឌី កក្កណា ( ហៅ ចេក ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកបក្សពួក០៤នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ដំបូងឡើយ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកឈប់កន្លែងកើតហេតុ រួចក៏ដើរទៅបត់ជើងតូច ។ ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យ ទាំង០៥នាក់ខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក ទៅឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូល វាយជនរងគ្រោះ បណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះដួលសន្លប់លើដី។
បន្ទាប់វាយជនរងគ្រោះ អោយដួលរួច ក្រុមជនសង្ស័យក៏ធ្វើសកម្មភាព យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មាន ទូរសព្ទដៃ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់៥ម៉ឺនរៀល រួចនាំគ្នាគេចខ្លួនយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ។ ចំណែកទូរសព្ទដៃរបស់ជនរងគ្រោះ គឺជនសង្ស័យឈ្មោះ ឌី , ឈ្មោះ ញ៉ុង , ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជាអ្នកលាក់ទុក។
បន្ទាប់ពីកើតមានអំពើវាយប្លន់ខាងលើរួចមក ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ ។ ក្រោយទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ រហូតដល់ល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ ឌី កក្កដា ខណៈបក្សពួក០៤នាក់ កំពុងរត់គេចខ្លួននៅឡើយ ហើយក៏កំពុងឋិតក្រោមការស្រាវជ្រាវតាមចាប់ខ្លួនរបស់សមត្ថកិច្ច។
ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង