រសៀលនេះ! ក្រសួងអំពាវនាវ ឱ្យតំណាងកម្មករនិយោជិតណាហ្គា ចូលប្រជុំដោះស្រាយបញ្ចប់វិវាទ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នំា២០២២នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់តំណាងភាគីកម្មករនិយោជិត ឱ្យចូលរួមប្រជុំដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីតំណាងកម្មករនិយោជិត មិនបានចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងនៅរសៀលថ្ងៃទី ១៧ ម្សិលមិញ។
ក្រសួងការងារ បានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជកមកប្រជុំបន្តដោះស្រាយវិវាទនៅទីស្ដីការក្រសួងនៅរសៀលថ្ងៃទី ១៧ ខែមីនា វេលាម៉ោង ២៖៣០ រសៀល ជាក់ស្ដែងឃើញតែតំណាងភាគីនិយោជកមកចូលរួម រីឯតំណាងភាគីកម្មករនិយោជក នៅតែបន្តមិនមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ ទោះបីក្រសួងខិតខំពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលដោះស្រាវវិវាទតាមផ្លូវច្បាប់ និងដោះលែងឱ្យអតីតបុគ្គលិក ៣ នាក់ផ្សេងទៀតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។
ក្រសួងការងារទទូចថា “ជាថ្មីម្ដងទៀត ក្រសួងក៏សូមអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំដោះស្រាយនៅថ្ងៃទី ១៨ ខែមីនា ២០២២ នៅទីស្ដីការក្រសួង និងអនុវត្តតាមការសន្យារបស់ខ្លួន ដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យបាននៅក្រៅឃុំ ឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយមិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតីនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់វិវាទការងារនេះឡើយ”។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលបានប្រាប់សារព័ត៌មានថា នៅថ្ងៃនេះ ពួកគាត់នឹងជួបពិភាក្សាគ្នាជាមួយសមាជិកសហជីព និងក្រុមកូដករ ដើម្បីត្រៀមយកចំណុចសំខាន់ៗមួយចំនួន រួមមាន ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករចូលធ្វើការងារវិញ ទាមទារប្រាក់អត្ថប្រយោជន៍ស្របតាមច្បាប់ការងារ និងទាមទារទម្លាក់បទចោទលើសហជីព សមាជិកសហជីព និងកូដករផ្សេងៗទៀតជាដើម៕