លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៖ ដោយសារសន្តិភាព ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ហើយការអភិវឌ្ឍលំនៅដ្ឋាន

(ភ្នំពេញ)៖ នេះជាការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណះសំណាលជាមួយបុគ្គលិកកម្មករ កម្មការិនី ដែលកំពុងពេញការងារក្នុងការដ្ឋាន និងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

ដោយសារប្រទេសជាតិ មានសុខសន្តិភាព បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនឹងនេះការអភិវឌ្ឍលំនៅដ្ឋាន ក៏កាន់តែប្រសើរឡើងផងដែរ។ សន្តិភាពនេះហើយ ដែលធ្វើឲ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៉ីយ៉ាងច្រើន នៅកម្ពុជា មិនថា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា។

លោក ឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍក្រុមហ៊ុនសំណង់មិនថា នៅរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារធ្វើជូនបុគ្គលិកកម្មករ កម្មការិនី។ តែបើប្រទេសជាតិ មានអសន្តិសុខ គឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ី គឺមិនមានក្រុមហ៊ុនណា ហ៊ានទៅរកស៉ី នៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។

លោក ឃួង ស្រេង បន្តទៀតថា «ក្រុមហ៊ុនមានឱកាសរកស៉ី បង្កើតឲ្យកម្មករ កម្មការិនី មានការងារធ្វើ គឺដោយសារតែប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះ បានមកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ដូច្នេះលោកស្នើឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ រួមគ្នារក្សាឲ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា»។
លោកបញ្ជាក់ផងដែរថា «កម្មករ កម្មការិនី និងម្ចាស់ក្រុមហ៊ុន គឺប្រៀបបានអណ្ដាតនិងធ្មេញ ដែលយើងត្រូវរួមគ្នា ដើម្បីឲ្យក្រុមហ៊ុនរីកចំរើន បើក្រុមហ៊ុនរីកចម្រើន យើងក៏រីកចំរើនដែរ»។

លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន បានលើកឡើងថា បុរីមេគង្គលែន បានចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈការផ្តល់ជូន នូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែម ជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ មានបុគ្គលិក និងកម្មករ សរុប ជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជាង ២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសក្នុងកំឡុងវិបត្តិកូវិដ-១៩ មិនបោះបង់ចោល ក្រុមការងារ ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្សជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្តអោយចាក់វាំសាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត-១៩។

លោកបន្តថា បុរី មេគង្គ លែន បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់ និងការរៀបចំប្រព័ន្ធប្រព្រឹត្តឹកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់ល។ ថ្មីៗនេះ បានឈ្នះនូវ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ និងបានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕

អត្ថបទដែលជាប់ទាក់ទង