បុរសម្នាក់បើករថយន្តទំនើបម៉ាក Ford ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ ជិះម៉ូតូដឹកសាច់ជ្រូកមកបុ.កបញ្ឆិតចំពីមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាត
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ (ចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនកើតហេតុមានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford ពណ៌ស (ស្លាកលេខរថយន្តត្រូវម្ចាស់យកលាក់ទុក) ចេញពីផ្ទះហើយឆ្លងកាត់ទទឹងផ្លូវ ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-1962 ដឹកសាច់ជ្រូកពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ហើយជ្រុលទៅបុករថយន្តខាងលើចំបញ្ឆិតពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលនិងធ្លាក់សាច់ជ្រូករាយពេញផ្លូវ ឯម្ចាស់រងរបួសស្រាល ។ ចំណែករថយន្តខាងលើបានធ្លាក់កាងរងការខូចខាត ហើយភ្លាមៗនោះតៃកុងរថយន្តបានថយក្រោយមកទុកមុខផ្ទះវិញ ដោយមិនរង់ចាំសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុសិននោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដើម្បីសម្រួលដល់ភាគីរថយន្តនិងម៉ូតូនេះ តែភាគីទាំងសងខាងនិយាយរកតែត្រូវរៀងៗខ្លួន សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕