រថយន្តសណ្តោងមួយគ្រឿង កំពុងបើកបរស្រាប់តែអស់ប្រេង ក៏ចតលើដងផ្លូវ លុះបុរសម្នាក់បើកម៉ូតូមកពីក្រោយបានបុក បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច
កំពត: ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ក្នុងភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ។
បុរសដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើឈ្មោះវន់ វ៉ាត់ អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថាកាលម៉ោង៩យប់ ថ្ងៃទី១៩ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅលើដងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ដោយម៉ូតូមួយគ្រឿងបានបុករថយន្តកំពុងចតស្ងៀម។
មុនគ្រោះថ្នាក់កើតឡើង គឺមានរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5111 និងសណ្តោងរ៉ឺម៉ក ស្លាកលេខ ក 0591. ភព6 កំពុងបើកបរស្រាប់តែរលត់ រួចចតនៅលើដងផ្លូវព្រោះតែអស់ប្រេង។ ស្របពេលនោះស្រាប់តែមានបុរសម្នាក់បើកម៉ូតូមកពីក្រោយបានបុករថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់មួយរំពេច។ ឃើញស្ថានភាពបែបនោះ អ្នកបើកបរថយន្តក៏បានរត់គេចខ្លួនបាត់ភ្លាមៗ៕