សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់
ភ្នំពេញ : នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដើម្បីជួយសម្រាលការលំបាកក្នុងពេលសង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខភាព របស់លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករជើងចាស់ មានស្នាដៃជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈ តាមរយៈការសម្តែង និងច្រៀងអាយ៉ៃ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើពីការថែទាំសុខភាព អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អរឹងមាំឡើងវិញ។
ជាកិច្ចឆ្លើយតប លោកស្រី ម៉ាញ មសកា កូនស្រីរបស់លោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វី៕