បុរសម្នាក់ ស្រវឹងស្រា បើកទៅបុកផ្ទះពលរដ្ឋ បណ្តាលឱ្យរងរបួសកូនម្ចាស់ផ្ទះម្នាក់ ដែលកំពុងងូតទឹកក្នុងបន្ទប់ទឹក
ឧត្ដរមានជ័យ ៖ បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង ដោយល្បឿនលឿនគ្របគ្រងស្មារតីមិនបាន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ ២៦២៥ នៅចំណុចផ្លូវបំបែកកែង ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅ យប់ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត Lexus RX300 បើកបរក្នុងស្ថានភាពស្រវឹងបត់ កែងមិនទាន់ជ្រុលទៅបុកចូលផ្ទះរបស់ពលរដ្ឋ ឈ្មោះ យ៉ុង អេម ភេទប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ ហៀង សារីន អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំភូមិឃុំកើតហេតុខាងលើ បានបណ្តាលឱ្យរងរបួសកូនម្ចាស់ផ្ទះម្នាក់ ដែលកំពុងងូតទឹកក្នុងបន្ទប់ទឹក ឈ្មោះ អេម ឆវី ភេទស្រី អាយុ ១១ ឆ្នាំ រងរបួសធ្ងន់ត្រង់ផ្ទៃមុខ បាក់ដៃខាងស្ដាំ និងខូចខាតផ្ទះមួយចំណែក។
ជនបង្កជាអ្នកបើកបររថយន្តឈ្មោះ ឡេន ណូរុន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Lexus RX300 ពណ៌ស្ករ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៩១២២ មិនរងរបួស រថយន្តរងការខូចខាតធ្ងន់ផ្នែកខាងមុខ។ ជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ចំណែកអ្នកបើកបរ និងដកហូតវត្ថុតាងឃាត់ខ្លួន និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕