ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនមកកាន់សាលាដំបូង រាជធានីភ្នំពេញ
ភ្នំពេញៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន បញ្ជូនមកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការ បើកការស៊ើបសួរ បន្តនីតិវិធី។
ជនសង្ស័យ មានឈ្មោះ សុខ ថន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា របស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រោមការដឹកនាំ របស់លោក អគ្គនាយករង កើត សុទ្ធារ៉ា លើចំណាត់ការចំពោះរថយន្តគ្មានពន្ធ ដែលមានស្រាប់ នៅក្នុងស្រុក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មន្ត្រីគយ និងរដ្ឋាករ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស បានត្រួតពិនិត្យ អនុលោមភាពពន្ធ នាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាស្លាកលេខក្លែងក្លាយ។ នៅពេលត្រួតពិនិត្យ ក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។
ដោយសង្ស័យអាចជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករ បានឃាត់ខ្លួនជនសង្ស័យ មួយរូប និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។ ដោយមានការសម្របសម្រួល ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ បានសហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋម លើសារធាតុ សង្ស័យ ឃើញលទ្ធផលថា ជាសារធាតុញៀនខុសច្បាប់ ចំនួន ៣ ប្រភេទ មានទម្ងន់សរុប ២០ គ.ក្រ. ៧៥២,៤ ក្រាម ក្នុងនោះ មានប្រភេទ MDMA ១៥,៧៤២ ក្រាម, ប្រភេទកេតាមីន ៤,៩៩៦ ក្រាម និងមេតំហ្វេតាមីន ១៤,៤ ក្រាម។
ជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យកា បើកការស៊ើបសួរ នៅឡើយ៕