បង្ក្រាបបទល្មើសជលផល ដោយដាក់សម្រាស់ ដើម្បីចាប់ត្រីជាច្រើនកន្លែង មានទំហំសរុប៩០០ម៉ែត្រក្រឡា
ភ្នំពេញៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោកអូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានប្រាប់ឱ្យដឹងថា សម្រាស់ដែលគេបានដាក់នៅក្នុងបឹងស្នេហ៍ កន្លែងដែលអាចធ្វើនេសាទគ្រួសារបានដើម្បីចាប់ត្រីមានទំហំតូចៗពី៤ទៅ៥ម៉ែត្រក្រឡាមានច្រើនកន្លែង ត្រូវបានរុះរើដោយក្រុមការងារបន្ទាប់ពីមានសំណូមពរពីមូលដ្ឋាន។ សម្រាស់ដែលត្រូវបានរុះរើបានដឹកយក ទៅទម្លាក់នៅក្នុងតំបន់អភិរក្សមេពូជត្រីបឹងស្នេហ៍ដែលមានទឹកនៅជ្រៅជាងឆ្នាំមុនៗ។ សម្រាស់ដែលបានរុះសរុបមានទំហំប្រមាណជា៩០០ក្រឡា។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ រួមសហការជាមួយនឹងសហគមន៍នេសាទបឹងស្នេហ៍ធាយ និងប៉ុស្តិ៍រដ្ឋបាលឃុំធាយ បានចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បង្ក្រាបបទល្មើសជលផល ដោយដាក់សម្រាស់ដើម្បីចាប់ត្រីជាច្រើនកន្លែងមានទំហំសរុប៩០០ម៉ែត្រក្រឡា នៅចំណុចអន្លង់ទង់វាភូមិកំពង់ស្លែងឃុំធាយស្រុកបាភ្នំ ដោយក្រុមការ ងារបានធ្វើការរុះរើនិងបំផ្លាញចោល ។
ដោយឡែកនៅថ្ងៃទី២២ ខែមីនាខណ្ឌរដ្ឋបាលនេះ បានដឹកនាំក្រុមការងារចុះទប់ស្កាត់បទល្មើសនេសាទបានមួយករណីនៅចំណុចព្រែកតាពុធ ភូមិតាហ៊េខ ឃុំរាធរ ស្រុកព្រះស្តេច បានមួយករណីដោយបំផ្លាញចោលវត្ថុតានៅនឹងកន្លែងរួមមានលូស្បៃមុង៨មាត់ របាំងស្បៃមុងប្រវែង៤០០ម៉ែត្រ បង្គោលចំរឹង១៣០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងវិញចំនួន១០គីឡូក្រាម៕