អតីតម្ចាស់ជ័យលាភីលេខ ២ ក្នុងកម្មវិធីកំពូលតារាអាស៊ាន តារាចម្រៀងកញ្ញា ប៊ូ សុនីតា ធ្លាក់ខ្លួនឈឺជំងឺមហារីកដុំសាច់ក្នុងស្បូនធ្ងន់
ភ្នំពេញ ៖ ប្រភពពីអ្នកសិល្បៈទម្លាយថា ពេលនេះបានកើតជំងឺមហារីកស្បូនធ្ងន់ធ្ងរស្ថិតក្នុងដំណាក់កាលទី ៣ គួរឲ្យបារម្ភ អតីតម្ចាស់ជ័យលាភីលេខ ២ ក្នុងកម្មវិធីកំពូលតារាអាស៊ាន កាលពីឆ្នាំ ២០១០ និងតារាចម្រៀងកញ្ញា ប៊ូ សុនីតា ។
កញ្ញា ប៊ូ សុនីតា បាននិងកំពុងព្យាបាលតាមដំណាក់កាល ខណៈនាងក៏បានអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជន ដើម្បីបានប្រាក់ព្យាបាលជំងឺបន្តជីវិតចុងក្រោយផងដែរ។ ប្រភពបន្តថានាងកំពុងស្ថិតក្នុងដំណាក់កាលប្រឈមអាយុជីវិត ប្រសិនបើគ្មានលទ្ធភាពបាញ់គីមីបន្តនោះទេ។
ជាមួយគ្នានេះ បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តារាស្រី ប៊ូ សុនីតា បានបញ្ជាក់ថា នាងខ្ញុំមានជំងឺមហារីកដុំសាច់ក្នុងស្បូនដំណាក់កាលទី3B។ គិតយ៉ាងម៉េចទៅ ជំងឺខ្ញុំពីដំបូងខ្ញុំឭគេនិយាយតៗគ្នាថា ចាក់គីមីហើយលែងហូរឈាមតែឥឡូវខ្ញុំហូរឈាមរហូត។ ខ្ញុំខ្លាចបំផុតការហូរឈាមហ្នឹង។
កញ្ញា ប៊ូ សុនីតា បាននិយាយបន្ថែមថា ពេលនេះនាងកំពុងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរណាស់ ព្រោះធ្លាក់ឈាមអត់ឈប់ហើយដួលសន្លប់។ ប៊ូ សុ នីតា បាននិយាយហាក់អស់សង្ឃឹមទៀតថា ខ្ញុំមិនដឹងថា ខ្ញុំត្រូវទៅនៅពេលណាទេ ដូច្នេះខ្ញុំសូមអហោសកម្មខ្លួនឯងទុកជាមុន។ តាមរយៈនេះ គឺមានទស្សនិកជនមួយចំនួន បានសម្តែងការអាណិតអាសូរចំពោះនាង និងថែមទាំងអំពាវនាវដល់សប្បុរសជនជួយសង្គ្រោះជីវិតតារាស្រីរូបនេះផង៕