ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅខែមេសា និងខែឧសភា សម្តេចគ្រោងនឹងចូលរួមកិច្ចប្រជុំសំខាន់ចំនួន២ នៅប្រទេសជប៉ុន និងស្វីស
កណ្តាល)៖ ការប្រកាសឱ្យដឹងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា នៅខែមេសា សម្តេចគ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីទឹកនៅប្រទេសជប៉ុន ហើយខែឧសភា ឆ្នាំ២០២២ នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។
សម្តេចតេជោ ហ៊ុន សែន នឹងស្ថិតក្នុងចំណោមគណៈប្រតិភូជាន់ខ្ពស់រួមមាន ៖ ប្រមុខរដ្ឋ និងតំណាងអង្គការអន្តរជាតិ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ សម្តេចតេជោនាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ប្រទេសជប៉ុននឹងក្លាយជាដំណើរទស្សនកិច្ចក្រៅ ប្រទេសលើកទី៣ របស់សម្តេចនៅឆ្នាំ២០២២នេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងខែមករា និងកូរ៉េខាងត្បូងក្នុងខែកុម្ភៈ សម្រាប់កិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា «នៅឆ្នាំនេះ គឺនឹងមានការចេញទៅក្រៅប្រទេសបន្ទាប់ពីចូលឆ្នាំខ្មែរទៅ គ្រោងទៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកានៃកិច្ចប្រជុំកំពូលអំពីទឹក នៅឯប្រទេសជប៉ុន ហើយនៅខែ៥ (ឧសភា) គឺត្រូវទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯប្រទេសស្វីស អញ្ចឹងទេការធ្វើដំណើរចេញក្រៅប្រទេសក៏មានច្រើន ក្នុងពេលដែលកិច្ចការក្នុងស្រុកក៏មានច្រើនដែល ក៏ប៉ុន្តែនៅពេលខ្លះជាកិច្ចការដែលយើងចៀសមិនបាន»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា សម្រាប់នៅឆ្នាំ២០២២នេះ សម្តេចមានកម្មវីធីជាច្រើនដែលត្រូវចូលរួមទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលសុទ្ធសឹងជាកម្មវិធីមិនអាចចៀសវាងបាន។
សម្តេចតេជោ ហ៊ុន សែន ក៏មានគម្រោងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែឧសភា។ APWS ទី៤ ក៏នឹងចែករំលែកជាមួយពិភពលោកនូវកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែង របស់ទីក្រុងម្ចាស់ផ្ទះ Kumamoto ក្នុងការអភិរក្សទឹកក្រោមដី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ពីគ្រោះរញ្ជួយដីឆ្នាំ២០១៦ ផងដែរ៕