លើកយកសំណុំរឿង ជនជាតិរុស្ស៊ី ២នាក់ និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ មកបើកសវនាការ ករណីផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ជាង ២០ គីឡូក្រាម
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២២នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ បានលើកយកសំណុំរឿង ជនជាតិរុស្ស៊ី ២នាក់ និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ មកបើកសវនាការ ករណីផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ជាង ២០ គីឡូក្រាម ។
ជនជាប់ចោទទី១-ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិរុស្ស៊ី, ទី២-ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី និងទី៣-ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ អ៊ុយក្រែន។ អ្នកទាំងនេះ ជាប់ចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ តាមមាត្រា៤២ មាត្រា៤៧ និងមាត្រា៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទ រួចមក លោកចៅក្រម បានសម្រេចកំណត់ យកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២ រសៀល ដើម្បីប្រកាសសាលក្រម។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណីផលិត ដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ទ្រង់ទ្រាយធំ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (កញ្ចប់បញ្ញើ មានលាក់បង្កប់សារធាតុញៀន ផ្ញើចេញពីក្រុមហ៊ុន ឌីអេចអិល កម្ពុជា ទៅប្រទេសអង់គ្លេស និងក្រិច៕