បុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យរងរបួសជើងម្ខាង និងម៉ូតូរងការខូចខាតមួយកំណាត់មុខដោយសារតែជិះម៉ូតូបុកលូ
ខេត្តបន្ទាយមានជ័យ: កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះលី វុទ្ធា អាយុ៣៨ឆ្នាំជាសន្តិសុខសណ្ឋាគារ និងមានទីលំនៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះរងរបួសបាក់ភ្លៅខាងស្តាំ គាត់បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ១F-៥០៤៦ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដោយសារមេឃងងឹតក៏បានបុកលូដែលក្រុមហ៊ុនមួយទុកចោលកណ្តាលផ្លូវបណ្តាលឱ្យរងរបួសតែម្តង។ជនរងគ្រោះត្រូវបានអ្នកស្រុកនាំគ្នាលើកដាក់លើឡំប្រឺតាដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខណៈម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត។
ករណីបែបនេះមិនមែនជាលើកទី១ទេ កន្លងមកក៏មានយានយន្តជួបគ្រោះថ្នាក់ស្មានមិនដល់បែបហ្នឹងជាញឹកញយផងដែរ។ អ្នកស្រុកបានសំណូមពរដល់ក្រុមហ៊ុនដែលស្ថាបនាឬជួសជុលផ្លូវនានានៅក្រុងប៉ោយប៉ែតក៏ដូចជាកន្លែងផ្សេងៗមេត្តាដាក់សញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដើម្បីបញ្ចៀសកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដូចករណីខាងលើទៀត។
ជុំវិញករណីនេះ ខាងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធមិនអាចរកកាបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ ខណៈដែលអាជ្ញាធរភូមិមិត្តភាពអះអាងថាមិនស្គាល់ឈ្មោះក្រុមហ៊ុនខាងលើទេនិងប្រាប់ថាលូដែលគេដាក់ចោលកណ្តាលផ្លូវនេះកើតមានមួយរយៈមកហើយ។
ពលរដ្ឋអ្នកធ្វើដគណើរលើកឡើងថា ក្រុមហ៊ុនដែលសាងសង់ផ្លូវបេតុងតភ្ជាប់ពីផ្លូវបេតុងចាស់ត្រង់ចំណុច គ្រោះថ្នាក់ចរាចរណ៍ខាងលើគ្មានទំនួលខុសត្រូវក្នុងការដាក់ប្រពន្ធលូ
តាមបណ្ដោយផ្លូវធ្វើឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋ៕