រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ មីនា
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥៖០០នាទី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលស្ថិតនៅភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីព្រះនរោត្តម ចាប់ពី វិថីឧកញ៉ាអ៊ុងប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ដល់វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) កំណាត់វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) កំណាត់វិថីក្រមួនស (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម កំណាត់វិថីព្រះជ័យជេដ្ឋា(ផ្លូវលេខ១១៨) ចាប់ពីវិថីប៉ាស្ទ័រ
(ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) និងកំណាត់វិថីព្រៃនគរ (ផ្លូវលេខ១២៦) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម ៕