បុរសម្នាក់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅគ្លីនិកម្លិះដង្កោ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកទឹកកកអនាម័យ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងអត់លេខ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-5246 ។ ដោយឡែកអ្នកបើកបរ រថយន្តបង្កសមត្ថកិច្ចមិនទាន់ឱ្យស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា បើករថយន្តដឹកទឹកកកអនាម័យរបស់ក្រុមហ៊ុន អ៊ីវ៉ា ព្រៀម ម៉ាក IZUSU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-1650 ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តដឹកទឹកកក អនាម័យ ម៉ាក IZUSU ពណ៌ស ធ្វើដំណើរតាមផ្លូវបេតុងអត់លេខក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានឆ្លងផ្លូវឡើងទៅរកស្តាំរបស់ខ្លួន ហើយគាប់ជួនពេលនោះរថយន្តឆ្លងបានពាក់កណ្តាលផ្លូវក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ពីកើតទៅលិចបានជ្រុលទៅបុកចូលក្រោមពាក់កណ្តាលរថយន្ដ បណ្ដាលឱ្យម៉ូតូនៅជាប់ក្រោមរថយន្ត ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរត្រង់ក្បាលត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅគ្លីនិកឯកជនយីហោម្លិះដង្កោ តែពេលទៅដល់គ្លីនិកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ដោយឡែកអ្នកបើកបររថយន្តវិញក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកផងដែរ។

សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌបានចុះទៅកន្លែងកើតហេតុ ព្រមទាំងទាក់ទងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះផងដែរ ហើយពេលសាច់ញាតិមកដល់ក៏ប្រាប់ឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូត្រលប់មកពីជូនបងប្អូនពីកន្លែងធ្វើការត្រលប់ទៅផ្ទះ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង ។ សមត្ថកិច្ចប្រគល់សពឱ្យទៅសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង