ស្ត្រីម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ជួល ទាំងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ចំណែកប្ដីចេញទៅធ្វើការបាត់

ភ្នំពេញ: កាលពី រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ជួលលេខ B09 ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ជឹម ឡុម អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា ប្រពន្ធរបស់គាត់មានជំងឺប្រចាំកាយ ហើយថែមទាំងមានផ្ទៃពោះជិតគ្រប់ខែទៀតផង មុនពេលកើតហេតុ១ថ្ងៃដោយស្រ្តីរងគ្រោះនេះ មានអការ:មិនស្រួលខ្លួន ទើបបុរសជាប្ដីបាននាំទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យរួចហើយ បានត្រឡប់មកផ្ទះវិញចូលសម្រាកធម្មតា រួចហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមីនានេះ ស្ត្រីរងគ្រោះបាននៅបន្ទប់តែម្នាក់ឯង ចំណែកប្ដីចេញទៅធ្វើការបាត់រហូតមកដល់វេលាថ្ងៃត្រង់ ប្ដីខំព្យាយាមទាក់ទងមកប្រពន្ធតាមទូរស័ព្ទជាច្រើនលើកច្រើនសាតែមិនមានការទទួល ទើបទាក់ទងទៅអ្នកជិតខាងឱ្យទៅមើលបន្ទប់ជួល ស្រាប់តែឃើញស្ត្រីរងគ្រោះខាងលើស្លាប់បាត់ហើយ។
ក្រោយពេលកើតហេតុទើបក្រុមគ្រួសារសាច់ញាតិរាយការណ៍ប្រាប់ ខាងអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យកោសល្យវិច័យ ធ្វើកំណត់ហេតុរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង