រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមីនា អាចមានភ្លៀងធ្លាក់ នៅលើភាគ ខាងត្បូង ដូចជាខេត្តតាកែវ កំពង់ស្ពឺ…និង រាជធានីភ្នំពេញ តែមានបរិមាណមិនច្រើនទេ

ភ្នំពេញៈ នៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ ដល់កម្រិត ៩០ មីលីម៉ែត្រ កាលពីថ្ងៃទី២៣ ខែមីនា ហើយ នៅយប់ ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ មីនា អាចនឹងមានភ្លៀងធ្លាក់ លើខេត្តនេះថែមទៀត។
ជាទូទៅ ស្ថានភាពភ្លៀង ធ្លាក់បានចុះខ្សោយ តែនៅមានរប៉េះរប៉ោះ ពេលថ្ងៃ នៅតំបន់ទំនាបកណ្តាល ភាគពាយព្យ និងពេលព្រលប់ នៅតំបន់ខ្ពង់រាបភាគឦសាន ហើយដល់ពេល រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមីនា អាចមានភ្លៀងធ្លាក់ នៅលើភាគ ខាងត្បូង ដូចជាខេត្តតាកែវ កំពង់ស្ពឺ…និង រាជធានីភ្នំពេញ តែមានបរិមាណមិនច្រើនទេ ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ ដឹងថា ស្ថានភាពភ្លៀង ធ្លាក់នៅថ្ងៃនេះ (២៤មីនា) ជាទូទៅ ចុះខ្សោយ ដោយនៅមាន រប៉េះរប៉ោះ ពេលថ្ងៃ នៅតំបន់ទំនាបកណ្តាល ភាគពាយព្យ និងពេលព្រលប់ នៅតំបន់ខ្ពង់រាបភាគឦសាន ហើយដល់ពេលរំលអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា អាចមានភ្លៀងធ្លាក់ រាយប៉ាយ នៅលើភាគខាងត្បូង ដូចជា ខេត្តតាកែវ កំពង់ស្ពឺ… និងរាជធានីភ្នំពេញ តែមានបរិមាណ មិនច្រើនទេ អាចក្នុងកម្រិត ពីតិចទៅបង្គួរ។
អ្នកនាំពាក្យក្រសួងជំនាញនេះ បាននិយាយឱ្យដឹងទៀតថា នៅថ្ងៃទី២៥ និងទី២៦ ខែមីនា គឺសឹងតែមិនឃើញមានភ្លៀងធ្លាក់សោះ នៅលើប្រទេសកម្ពុជា តែចាប់ពីថ្ងៃទី២៧ ខែមីនា ទៅ ភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ រាល់ថ្ងៃ បានត្រឡប់ មកវិញ ឃើញមានរហូតដល់ ដំណាច់ខែនេះ ដោយសារមានសម្ពាធទាបមួយ រុញពីប្រទេសហ្វីលីពីន ចូលដល់សមុទ្រចិន ខាងត្បូង។
របាយទឹកភ្លៀង ធ្លាក់រយៈពេល ២៤ ម៉ោង គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា នៅខេត្តកំពង់ឆ្នាំង មានកម្រិតពី ១៥ ទៅ ១៩ មីលីម៉ែត្រ, នៅខេត្តប៉ៃលិន មានកម្រិតពី ៤ ដល់ ២២ មីលីម៉ែត្រ, នៅខេត្តព្រះសីហនុ មានកម្រិតពី ២ ដល់ ៤៦ មីលីម៉ែត្រ, នៅខេត្តបាត់ដំបង មានកម្រិតពី ៤ ដល់ ៣២ មីលីម៉ែត្រ, នៅខេត្តស្ទឹងត្រែង មានកម្រិតពី ៤ ដល់ ១៨ មីលីម៉ែត្រ, នៅខេត្តពោធិសាត់ មានកម្រិតពី ៧ ដល់ ៦៨ មីលីម៉ែត្រ, នៅខេត្តកោះកុង មានកម្រិតពី ៥ ដល់ ៤៦ មីលីម៉ែត្រ, នៅខេត្តស្វាយរៀង មានកម្រិតពី ១ ដល់ ៤៦ មីលីម៉ែត្រ, នៅខេត្ត កំពង់ស្ពឺ មានកម្រិតពី ១ ដល់ ៩០ មីលីម៉ែត្រ, នៅខេត្តព្រៃវែង មានកម្រិតពី ១ ដល់ ៤ មីលីម៉ែត្រ, នៅខេត្តមណ្ឌគិរី មានកម្រិតពីតិចដល់ ១០ មីលីម៉ែត្រ, នៅខេត្តតាកែវ មានកម្រិតពី ១២ ដល់ ៣១ មីលីម៉ែត្រ, នៅខេត្តកំពត មានកម្រិតពីតិច ទៅ១១ មីលីម៉ែត្រ, នៅខេត្តត្បូងឃ្មុំ មានកម្រិតពី ៥ ដល់ ១៥ មីលីម៉ែត្រ និងនៅខេត្តឧត្តរមានជ័យ មានកម្រិតពី ២ ដល់ ៧ មីលីម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែមីនា បានជូនដំណឹង ស្តីពីស្ថានភាព ធាតុអាកាស សម្រាប់ពីថ្ងៃទី២៣ ដល់២៩ ខែមីនា ឆ្នាំ២០២២ថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវ សំណើម ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀង ពីតិចទៅបង្គួរ នៅក្នុងក្របខណ្ឌទូទាំង ប្រទេស ជាមួយនឹងផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៧ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ភ្លៀងធ្លាក់មានសន្ទុះកើនឡើង។
សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២៣ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៦ អង្សាសេ។ អាចមាន ភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពី ខ្សោយ ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃ២៨ និង ២៩ ខែមីនា បរិមាណទឹកភ្លៀង នឹងមានសន្ទុះកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង