បង្រ្កាបរថយន្តដឹកឈើ១គ្រឿង ឃាត់ខ្លួនមនុស្ស ២នាក់ ដកហូតឈើប្រណិត ៣០ម៉ែត្រគូប
(ព្រះវិហារ)៖ នៅថ្ងៃទី២៤ មីនា ឆ្នាំ២០២២ បង្ក្រាបរថយន្តដឹកឈើ១គ្រឿង កាលពីម៉ោង១៖៤៥នាទីយប់ ថ្ងៃទី២៤ មីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។
រថយន្តដឹកឈើ១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ក្រោមការដឹកនាំសម្រសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យ អយ្យការអសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាប ដោយឃាត់ខ្លួនមនុស្សបានចំនួន២នាក់ និងរឹបអូសឈើអារប្រភេទលេខ១ និងប្រភេទលេខ២ ប្រមាណ៣០ម៉ែត្រគូប។
សមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើនម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះឡើយ។
រថយន្តប្រភេទវេអង ១គ្រឿងនេះ បានដឹកឈើគ្រឿងផ្ទះចាស់ បន្លំដឹកឈើអារថ្មីៗ បង្កប់ពីក្រោមបាវអង្កាមដើម្បីបន្លំភ្នែក សមត្ថកិច្ច ប៉ុន្តែសកម្មភាពបទល្មើសនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានភ្លាមៗដែរ។
ចំពោះមនុស្ស២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គឿន ប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ចំណែក តៃកុងរថយន្ត ឈ្មោះ កៅ វឌ្ឍនា ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទាំង២នាក់នេះ សមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះផងដែរ៕