ករណីឃាតកម្ម! ជនបង្កគឺជានាយនគរបាលប៉ុស្តិ៍ព្នៅ១ បានបាញ់សម្លាប់ស្ត្រីម្នាក់ ជាប្រពន្ធចុង បន្ទាប់ពីទាស់ពាក្យសម្តីគ្នា ក្រោយចេញពីកម្មវិធីខួបកំណើតកូនមិត្តភក្តិ
ខេត្តព្រៃវែង ៖ ករណីឃាតកម្មមួយនៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ដោយជនបង្កគឺជានាយនគរបាលប៉ុស្តិ៍ព្នៅ១ បានបាញ់សម្លា.ប់ស្ត្រីម្នាក់ជាប្រពន្ធចុង បន្ទាប់ពីទាស់ពាក្យសម្តីគ្នា ក្រោយពេលចេញពីកម្មវិធីខួបកំណើតកូនមិត្តភក្តិ កាលពី យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗដែរ បន្ទាប់ពីមានការបាញ់ប្រហារទៅលើប្រពន្ធចុង ។
មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះដែលគេស្គាល់ថា ជាប្តីប្រពន្ធចុងនោះ បានទៅចូលរួមកម្មវិធីខួបកំណើតកូនមិត្តភក្តិ នៅភូមិជាមួយគ្នានោះដែរ។ លុះនៅវេលាម៉ោងកើតហេតុ គឺម៉ោង៨និង៣០នាទីយប់ ពួកគាត់បានចេញពីកម្មវិធីខួបកំណើត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវនោះ ពួកគាត់ក៏មានការឈ្លោះទាស់ទែងពាក្យសំដីជាមួយគ្នា ពេលនោះបុរសជាប្តីទំនងជាស្រវឹងខ្លះផង ក៏បានដកកាំភ្លើ.ងខ្លី១ដើម ម៉ាក K54 ពីកាបូបស្ពាយ រួចបា.ញ់ទៅលើជនរងគ្រោះចំនួន៤គ្រា.ប់ (តែផ្ទុះ២គ្រា.ប់) ដោយត្រូវចំក្បាល១គ្រាប់ និងត្រូវត្រង់.ក១គ្រាប់ទៀត បណ្តាលឲ្យស្ត្រីជាប្រពន្ធចុងដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ជនសង្ស័យនេះមានឈ្មោះ ម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ សុខ មួយ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវជាប្រពន្ធចុងរបស់ជនសង្ស័យ (ស្លាប់) ។ បន្ទាប់មកបុរសជាខ្មាន់កាំភ្លើងដែលជានាយនគរបាលប៉ុស្តិ៍រូបនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ស្រុកស៊ីធរកណ្តាល ឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕