បុរសម្នាក់បើករថយន្ត Toyota Corolla គេចពីម៉ូតូដែលបើកកាត់ពីមុខ ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៦៩កែងផ្លូវលេខ៦៣៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារច្បារអំពៅ ។

មុនពេលកើតហេតុមានបុរសម្នាក់ បានបើករថយន្តម៉ាកToyota Corolla S ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3116 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះចេញពីផ្លូវលេខ៦៣៨ ឆ្លងមកផ្លូវលេខ៣៦៩ ទើបធ្វើឱ្យអ្នកបើករថយន្តខំគេចពីម៉ូតូជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯបង្គោលភ្លើងមិនរងការខូចខាតនោះទេ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ដែរ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ប្រចាំខណ្ឌច្បារអំពៅ ដើម្បីមកពិនិត្យមើលទីតាំងកើតហេតុ។ ពេលពិនិត្យជាក់ស្ដែងឃើញបង្គោលភ្លើងមិនរងការខូចខាត គឺខូចខាតតែរថយន្តបង្កទើបសមត្ថកិច្ចជំនាញសម្រេចប្រគល់រថយន្តឱ្យទៅម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង