បង្ក្រាបក្រុមឧក្រិដ្ឋជន ៣នាក់ និងគ្រឿងញៀនជិត៦០០គីឡូក្រាម ប៉ុនប៉ងដឹកជញ្ជូនតាមផ្លូវសមុទ្រ នាំចេញទៅប្រទេសទី៣

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នំា២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត៦០០គីឡូក្រាម តាមផ្លូវសមុទ្រចេញទៅប្រទេសទី៣។
ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
ការចុះប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០៖៥០នាទី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ ចូលរួមសហការកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្ដព្រះសីហនុ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បំរ៉ុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣ នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់៖
ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន, ទី២៖ នៅចំណុចកាំកូស៊ីធី អាគាA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ,
ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់ D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន និងទី៤៖ នៅចំណុច(ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ឆ្នាំកំណើតៈ ១៩៦៧, ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) កើត ១៩៧៣, ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៨១។
ក្នុងនោះ ឭចាប់យកវត្ថុតាង៖ ១-កេតាមីន (Ketamine) ទម្ងន់៥១០គីឡូ២៥៦ក្រាម, ២-មេតំហ្វតាមីន (ICE) ទម្ងន់ ១គីឡូក្រាម ៩៥៨ក្រាម, ៣-អ៊ិចស្តាស៊ី (MDMA) ទម្ងន់៥១គីឡូ៦៥៩.៦០ក្រាម, ៤-នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់២០គីឡូ៧៩០ក្រាម, ៥- FUB-AMB (Cannabinoid) (NPS) ទម្ងន់១១គីឡូ៧៥៤ ក្រាម, សារធាតុញៀនសរុប ទម្ងន់ ៥៩៦គីឡូ៤១៧.៦០ក្រាម, សារធាតុគីមីផ្សំទម្ងន់ ២៣៥ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៦គីឡូ៦៨៨ក្រាម។
ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង