មន្ត្រីកសិកម្មស្រុកកូនមុំ និងអ្នករួមដំណើរម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារតែបានបើកម៉ូតូ បុកពីក្រោយ គោយន្ដកែច្នៃដឹកអុស កំពុងខូច ចតតាមផ្លូវ
រតនគិរី: កាលពី យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មន្ត្រីកសិកម្មស្រុកកូនមុំ និងអ្នករួមដំណើរម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារតែបានបើកម៉ូតូ បុកពីក្រោយ គោយន្ដកែច្នៃដឹកអុស កំពុងខូច ចតតាមផ្លូវ នៅចំណុចមុខសាលារៀន បុរីកម្មករ៤ ស្ថិតភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ។
គោយន្តដឹកអុស ដែលបានខូចនៅតាមផ្លូវនោះ មិនបានដាក់សញ្ញា ជាសម្គាល់អ្វីទេ។ អ្នកបើកម៉ូតូមិនបានប្រយ័ត្ន ក៏ជ្រុលចង្កូត បុកពីក្រោយ បណ្ដាលឲ្យបាត់បង់ ជីវិត ទាំងពីរនាក់ (ទាំងអ្នកបើក និងអ្នករួម ដំណើរជាមួយ)។
សមត្ថកិច្ច បានអោយដឹងទៀតថា ភាគីបើកបរម៉ូតូ ម៉ាកស៊ុយហ្សុ៊យគី ស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ17.1.5239 មានឈ្មោះ ខាំប៉ៃ សាំង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានការិយាល័យកសិកម្ម ស្រុកកូនមុំ និងអ្នករួមដំណើរ ឈ្មោះ ហ៊ាង មុន្នីរ័ត្ន ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកអ្នកបើកបរគោយន្តកែច្នៃ មិនមានផ្លាកលេខ មានឈ្មោះ ជន ប៊ុនធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាប់អុសលក់ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី សមត្ថកិច្ច បានហៅទៅ សួរនាំ៕