លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើកុំឲ្យចាត់ទុកជនពិការជាបន្ទុកសង្គម
(ភ្នំពេញ)៖ ការលើកឡើងបែបនេះ របស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ ក្រោមពាក្យស្លោក «អរគុណសន្តិភាព នាំមកនូវក្តីសង្ឃឹម» នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើកុំឲ្យមានការចាត់ទុកជនពិការជាបន្ទុករបស់សង្គមជាតិតទៅទៀតព្រោះ ជនពិការក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ជនពិការមែនពិត តែចិត្តគំនិត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួកគាត់ក៏ជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ ដែលពុំអាចខ្វះបានផងដែរ។
លោក ខៀវ កាញារីទ្ធ បានបន្តថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជានេះ មិនមែនជាការរៀបចំឡើងដោយចៃដន្យនោះឡើយ គឺជាកម្មវិធីមួយដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន តែងតែគាំទ្រ លើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការកម្ពុជា ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ និងមានទឹកចិត្តស្នេហាជាតិមាតុភូមិដូចប្រជាពលរដ្ឋទូទៅ និងដើម្បីផ្តល់ឱកាសដល់ជនពិការកម្ពុជា បញ្ចេញនូវសមត្ថភាព និងទេពកោសល្យក្នុងវិថីសិល្បៈសំដៅឱ្យមហាជនទូទៅបានយល់ដឹង និងចាប់អារម្មណ៍ពីស្នាដៃរបស់ពួកគាត់លើវិស័យសិល្បៈ តន្ត្រី ចម្រៀងប្រពៃណី និងសម័យ៕