ពលរដ្ឋពីរនាក់ ដើរគាស់គល់ឈើចាស់ៗ ដែលកប់នៅក្នុងដី ចៃដន្យ បានប៉ះនឹងគ្រាប់មីន បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ស្រុករតន:មណ្ឌល
បាត់ដំបង: ករណីគ្រោះថ្នាក់នេះ បានកើតឡើង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចលើខ្នងភ្នំ ស ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង ពីរនាក់ បានដើរ ដល់ចំណុចគ្រោះថ្នាក់ ខាងលើ ក៏បានជីកគាស់គល់ឈើ មួយគល់ ដែលកប់នៅក្នុងដី ជាច្រើនឆ្នាំ លុះជីកលុងបានជ្រៅបន្តិច បានប៉ះលើគ្រាប់ ដែលកងកម្លាំង កប់ទុក កាលពីសម័យសង្គ្រាម បណ្តាលផ្ទុះកក្រើកតែម្តង។
ជនរងគ្រោះ ឈ្មោះ ផាង ភ័ណ្ឌ ហៅ ទូច អាយុ ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតា ឯក ក្រុងបាត់ដំបង ត្រូវដាច់ជើងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ចំណែកឯម្នាក់ទៀត ឈ្មោះ ឆាយ កុសល អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិអន្លង់វិល ឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង របួសត្រង់ភ្នែកទាំងសងខាង ។
នគរបាលមូលដ្ឋាន បានអះអាងថា ចំណុចភ្នំ ស ស្រុករតន:មណ្ឌលនេះ ជាអតីតតំបន់ សមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ក្នុងចំណោមសមរភូមិ ជាច្រើនផ្សេងទៀត ហើយកន្លងមក ប្រជាពលរដ្ឋ តែងតែប្រទះឃើញគ្រាប់មីន ប្រឆាំងរថក្រោះ រួមទាំងយុទ្ធភ័ណ្ឌផ្សេងៗ ជាច្រើនទៀត នៅកប់រាយប៉ាយ នៅទីនោះផងដែរ៕