មនុស្ស៣នាក់ បានស្លាប់ ត្រឹមមួយប៉ប្រិចភ្នែក ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង

កែប: កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ហេតុការណ៍នេះ បានកើតឡើង នៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ក្នុងទឹកដីភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។
គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង ដោយរថយន្តនីសាន់ បុកម៉ូតូមួយគ្រឿង រួចបន្តបុករថយន្តសណ្តោង បណ្តាលឲ្យមនុស្សបីនាក់ បាត់បង់ជីវិត នៅលើដងផ្លូវជាតិ លេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៥-១៦។
មុនហេតុការណ៍កើតឡើង គឺរថយន្តនីសាន់ បានបើកមកពីទិសខាងកើតក្នុងល្បឿនយ៉ាង លឿន ស្របនឹងស្ថានភាពផ្លូវកោងផង ក៏ជ្រុលទៅបុកម៉ូតូ ដែលបើកបរបញ្ច្រាសទិសគ្នា ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធន:តេលា បណ្តាលឲ្យបុរសពីរនាក់ ស្លាប់នៅនឹងកន្លែង។

ដោយសារមិនទាន់អស់ល្បឿន រថយន្តនីសាន់ បានបន្តបុក ចំពីមុខរថយន្តសណ្តោង មួយគ្រឿងទៀត ទើបកៀបខ្លួនជាប់នឹងដៃចង្កូត ស្លាប់ភ្លាមៗតែម្តង។ ខណៈនោះ អ្នកបើកបររថយន្តសណ្តោង ក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។
អ្នកបើកបររថយន្តនីសាន់ ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ ចំណែកភាគីខាងម៉ូតូ ដែលបានស្លាប់ទាំងពីរនាក់ រួមមានៈ ១.ឈ្មោះ ហុង វណ្ណា អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ២. ឈ្មោះ ម៉ៅ ញ៉េប ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅ ភូមិអូរច្រនៀងឃុំកំពង់ត្រាច ខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង