សិស្សសាលា ប្រាំនាក់លេងទឹក ស្រះនៅវត្តស័ក្តសិទ្ធិប្រាសាទរលំជ្រៃ រអិលជើងលង់ស្លាប់ម្នាក់
បន្ទាយមានជ័យៈ កុមារី ឈិត ណារ៉ុង អាយុ ១៣ឆ្នាំ(សិស្សសាលា) រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក បានលង់ទឹកស្លាប់ នៅស្រះវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីរសៀលថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២២ ។
បំភ្លឺរបស់កុមារីឈ្មោះ ឈួន និមល់ អាយុ១៣ឆ្នាំ ,ឈ្មោះ ឆៃយ៉ា នរិន អាយុ១៣ឆ្នាំ,ឈ្មោះថាំង បរមី អាយុ១៣ឆ្នាំ,ឈ្មោះ ណាង បូរី អាយុ១៣ឆ្នាំនិងឈ្មោះ គង់ ផាត់ទិយ៉ាអាយុ១៤ឆ្នាំថាពួកគេអ្នកទាំងប្រាំនាក់(ទាំងជនរងគ្រោះ)ជាសិស្សសាលាបឋមសិក្សាថ្មពួកនិងរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ជាមួយគ្នា ។ នៅវេលាម៉ោង១១ ថ្ងៃពួកគេបាននាំគ្នាចេញពីសាលាមកផ្ទះ ។តែក្រោយមក ក៏នាំគ្នាត្រឡប់ទៅលេងនៅផ្សារគំរូថ្មីឃុំគំរូរួចបង្ហួសនាំគ្នាទៅលេងនៅវត្តប្រាសាទរលំជ្រៃនៅភូមិគោកស្វាយឃុំភូមិថ្មី(ក្បែរខាងនឹងឃុំថ្មពួក)។ពេលនោះឃើញទឹកស្រះនិងទូកក៏នាំគ្នាចុះជិះទូកលេងក្នុងស្រះ។ប៉ុន្តែជួបគ្រោះថ្នាក់ពេលចុះចេញពីទូកដោយនាំគ្នាឈរលើកាំជណ្តើបេតុងចុះទឹកស្រះ ក៏បណ្តាលឱ្យរអិលជើងធ្លាក់ ចូលទៅក្នុងរណ្ដៅទឹកជ្រៅទាំងអស់គ្នា ហើយបណ្ដាលឱ្យលង់ ។
ក្មេងៗបានបន្តថា ពេលនោះពួកខ្លួន ក៏នាំគ្នាត្រដរជួយខ្លួនឯង ស្រវាតោងឡើងមកលើវិញ ។ក្នុងចំនួនប្រាំនាក់នោះ មានតែឈ្មោះ ឈិត ណារ៉ុង បានលិចបាត់ទៅក្នុងទឹកមិនឃើញ ងើបរួច ។
ក្នុងពេលស្លន់ស្លោរនោះ ពួកខ្លននាក់ក៏បានរត់ទៅហៅតាៗដែលនៅក្នុងវត្តឱ្យមកជួយ ។ ប្រហែលជាប្រាំនាទីក្រោយមក ទើបរាវរកឃើញមិត្តភក្តិ ហើយបានប្រើវិធីជួយសង្គ្រោះ ប៉ុន្តែនាងបានស្លាប់បាត់ហើយ ៕