ព្រះគ្រូចៅអធិការវត្តជម្ពូព្រឹកបានរងរបួស និងនេនចំនួន ០២អង្គ ព្រមទាំងលោកតាអាចារ្យ ០២ នាក់ ផ្សេងទៀតបានរងរបួស ខណៈដែលនិមន្តជិះក្នុងរថយន្តមួយគ្រឿង តៃកុងស្ទើរភ្លើង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍តៃកុងស្ទើរភ្លើងជាកូនសិស្សលោកបើករថយន្តលឿនក្រឡាប់រងរបួសនេះ បានកើតឡើងកាលពី ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ នៅលើផ្លូវលំភូមិជម្ពូព្រឹក្ស ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុមានរថយន្ត ០១គ្រឿង ម៉ាក LUXES RX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y.9270 ដែលគេដឹង និងស្គាល់ច្បាស់ថាជា (រថយន្តរបស់ព្រះគ្រូចៅអធិការវត្តជម្ពូព្រឹក្ស) ដែលបើកបរដោយឈ្មោះ ថន ថាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ (ជាកូនសិស្សលោក បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ) រស់នៅភូមិជម្ពូព្រឹក្ស ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដឹកព្រះសង្ឃ ០៣អង្គ និងលោកតាអាចារ្យ ០២នាក់ ផ្សេងទៀត ។
ព្រះសង្ឃ និងលោកតាអាចារ្យដែលរងរបួសនោះទី ០១-ព្រះសង្ឃព្រះនាម ឆេម យ៉ុង ព្រះជន្ម ៣២វស្សា (រងរបួសស្រាល) ជាព្រះគ្រូចៅអធិការវត្តជម្ពូព្រឹក្ស, ទី០២-ព្រះសង្ឃព្រះនាម ផល វណ្ណឌី ព្រះជន្ម ១២ វស្សា បានរង របួសធ្ងន់ ទី០៣-ព្រះសង្ឃព្រះនាម ស៊ុន សុខឃីម ព្រះជន្ម ១៤ វស្សារបួសស្រាល ។ ព្រះសង្ឃទាំង ០៣ អង្គគង់នៅក្នុងវត្តជម្ពូព្រឹក្ស ភូមិជម្ពូព្រឹក្ស ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី០៤-លោកតាអាចារ្យវត្តឈ្មោះ ហឿន គីន អាយុ ៨៤ ឆ្នាំ (រងរបួសធ្ងន់ធ្ងរ) រស់នៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី០៥-លោកតាអាចារ្យវត្តឈ្មោះ ស៊ុន ម៉ៅ អាយុ ៦៥ ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្តខាងលើនេះតៃកុងបានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវមានសភាពកោងខ្លាំងផងនោះ ធ្វើឲ្យអ្នកបើកបររថយន្តបួងចង្កូតមិនទាន់ បណ្តាលឱ្យក្រឡាប់ធ្លាក់ទៅទិសខាងកើតផ្លូវជាច្រើនត្រឡប់តែម្តង ក្រោយកើតហេតុតៃកុងរថយន្តស្ទើរភ្លើងជាកូនសិស្សលោកផងនោះ បានរត់គេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ច មូលដ្ឋានបានចុះទៅធ្វើការវាស់វែង ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជន ។
ចំពោះវត្ថុតាងរថយន្តខាងលើសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជម្ពូព្រឹក្ស ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់
៕