រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានថា សមត្ថកិច្ចប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានច្រានចោលព័ត៌មានថា សមត្ថកិច្ចបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាន។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ មានចេតនាមួលបង្កាច់ ចោទប្រកាន់ និងទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ ករណីចោទប្រកាន់ស្រដៀងគ្នានេះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានធ្វើការបំភ្លឺតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រួចមកហើយ»។
ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីថា ចាប់តាំងពីក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈ អស់រយៈពេលប្រមាណជាង ៣ខែកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានខិតខំចូលរួមសម្របសម្រួល ដោះស្រាយវិវាទការងារ និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយភាពអត់ធ្មត់ខ្ពស់ ទោះបីជារងនូវការមួលបង្កាច់ចោទប្រកាន់ប្រមាថមើលងាយដោយប្រើពាក្យពេចន៍អសុរោះ និងអាកប្បកិរិយាមិនសមរម្យ អសីលធម៌ រហូតឈានដល់ទទួលរងនូវការប្រើអំពើហិង្សា បង្ករបួសស្នាម ពីសំណាក់ក្រុមបាតុករទាំងនោះ។ ការខិតខំបំពេញភារកិច្ចទាំងអស់នេះ គឺដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនក្រុមបាតុករទាំងអស់ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញ ដែលគួរតែទទួលបាននូវការផ្តល់តម្លៃ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលបាននូវការចោទប្រកាន់ថាបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដាក់សំណួរថា «វាអាចទៅរួចដែរឬទេ ដែលថាអាជ្ញាធរមានសមត្ថកិច្ចបានប្រព្រឹត្តិអំពើហិង្សា និងអំពើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់តាមទីសាធារណៈ ពិសេសស្ថិតក្រោមការត្រៀមរង់ចាំផ្តិតយករូបភាពពីសំណាក់ក្រុមបាតុករដែលប្រើកាមេរ៉ាទូរស័ព្ទគ្រប់ដៃ តាមផែនការគ្រោងទុករបស់អ្នកនៅពីក្រោយ ដែលរៀបចំជាឈុតឆាកសម្រាប់ឱ្យសម្ដែង»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំពោះការចោទប្រកាន់ខាងលើនេះ ប្រសិនបើមានការពិតនោះ គួរណាស់តែជនរងគ្រោះពិតប្រាកដ បង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីមានមូលដ្ឋានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស។ ផ្ទុយទៅវិញ ប្រសិនបើមានការដាក់ពាក្យបណ្តឹងជាផ្លូវការ ហើយសមត្ថកិច្ចរកពុំឃើញភស្តុតាងដូចការប្រកាន់នោះទេ អ្នកទាំងនោះក៏នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។
បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ជាមួយគ្នានេះ ក៏មានការចោទប្រកាន់ផងដែរមកលើសមត្ថកិច្ច ថាបានរារាំងមិនឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមួយចំនួនតូចបំពេញការងាររបស់ខ្លួននោះ គឺជាការលើកឡើងដោយគ្មានហេតុផលព្រោះថាសមត្ថកិច្ច មិនដែលរារាំង និងហាមឃាត់ឡើយ ប៉ុន្តែពួកគាត់បានធ្វើដំណើរបំពេញការងារហួសព្រំដែនច្បាប់ដែលបានកំណត់ ដោយពួកគាត់ធ្វើដំណើរចូលទៅក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ហើយអាជ្ញាធរគ្រាន់តែស្នើឱ្យពួកគាត់នៅក្រៅរង្វង់ប្រតិបត្តិការ ចៀសវាងមានឧបទ្ទវហេតុដែលបង្កឡើងដោយជនអគតិ ឬភាន់ច្រឡំថាពួកគាត់ជាក្រុមបាតុករ ដែលអាចនឹងត្រូវបានអញ្ជើញទៅធ្វើការសម្ដែង មតិនៅទីលានប្រជាធិបតេយ្យ៕