ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ នៅថ្ងៃសម្ពោធស្ពានអាកាសចោមចៅ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង០៥៖០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ៣០ម៉ែត្រ (ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ៕