តារាចម្រៀង សូ ដានីតា សម្រេចចែកផ្លូវគ្នាជាមួយប្ដី និងប្រកាស……
(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ខណៈដែលនៅសុខៗស្រាប់តែបែកធ្លាយ នូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ ពីសំណាក់តារាសម្ដែង និងជាតារាចម្រៀង អ្នកនាង សូ ដានីតា បានសម្រេចចិត្តផ្ដាច់ចំណងស្នេហាចែកផ្លូវគ្នាជាមួយប្ដី និងប្រកាសឈប់ច្រៀងឲ្យក្រុមហ៊ុនតន្រ្តីរបស់លោក យ៉ែម សំអូន បន្ទាប់ពីអ្នកទាំងពីរបានប៉ះពាក្យសម្ដីគ្នា និងបង្ហោះជាសាធារណៈរួចមក។
គ្មាននរណានឹកស្មានដល់សោះថា នៅក្នុងថ្ងៃនេះ មានរឿងសំខាន់ៗមួយចំនួន ដែលតារាចម្រៀង សូ ដានីតា ត្រូវធ្វើការសម្រេចចិត្តទាំងលំបាក ហើយក៏សុទ្ធតែជារឿងមិនគួរ ឲ្យកើតឡើងដែរ សម្រាប់ជីវិតរបស់នាង។ រឿងទី១ដែលតារាសម្ដែង សូ ដានីតា ធ្វើការសម្រេចចិត្តទាំងលំបាកនោះ គឺការលែងលះគ្នាជាមួយស្វាមី ទាំងដែលអ្នកទាំងពីរមានកូនប្រុស១ ជាចំណងដៃ និងកំពុងរស់នៅជាមួយគ្នា យ៉ាងល្អូកល្អឺន តែបែរជាមានរឿងលែងលះគួរឲ្យភ្ញាក់ផ្អើល។
ចំណែករឿងទី២វិញ គឺតារាចម្រៀង សូ ដានីតា បានសម្រេចកាត់ផ្ដាច់ការងារ ច្រៀងទាំងអស់ ជាមួយនឹងក្រុមហ៊ុនតន្រ្តីរបស់លោក យ៉ែម សំអូន ដែលត្រូវបានមហាជន និងអ្នកសិល្បៈទូទៅដឹងថា ពួកគេទាំងពីរបានរួមការងារសិល្បៈជាមួយគ្នា, ជាមិត្តល្អនឹងគ្នា រាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ភាពភ្ញាក់ផ្អើលបានកើតឡើងនៅថ្ងៃនេះ បន្ទាប់ពី សូ ដានីតា និងលោក យ៉ែម សំអូន បានប៉ះពាក្យសម្ដីគ្នា ដោយបានយកបណ្ដាញសង្គម ធ្វើការឆ្លើយឆ្លងគ្នាទៅវិញទៅមក រហូតធ្វើឲ្យប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ចូលខ្លួនមកជួយសម្របសម្រួល និងដោះស្រាយ។
នៅមុននេះបន្តិច តារាសម្ដែង និងចម្រៀង សូ ដានីតា បាននិយាយនៅក្នុង បណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «អរគុណបងស្រី. Chanlakhena Chorn (ចន ច័ន្ទលក្ខិណា) ដែលតេមកពន្យល់ប្អូន ណែនាំប្អូន គ្រប់រឿងទុកឲ្យពេលវេលាជាអ្នកកំណត់ចុះបង ព្រោះកន្លងមកក៏ជាពេលវេលា នាំឲ្យមនុស្សស្គាល់គ្នា និងស្រឡាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយ ក៏មិនអាចចាប់មកវិញបានដែរ !!!»។
សូ ដានីតា និយាយបន្តថា «១ថ្ងៃនេះ ២៩/០៣/២២ ខ្ញុំសម្រេចបាន២
ទី១, សម្រេចចិត្តទទួលយកជាស្រ្តីមេម៉ាយ (លែងលះ)
ទី២, សម្រេចចិត្ត ឈប់ធ្វើការឲ្យគ្រុប តារាអ៉ីនធើថេនមែន (ក្រុមហ៊ុនតន្រ្តីរបស់លោក យ៉ែម សំអូន)
ទី៣, ការងារផ្សេងៗផ្នែកសិល្បៈ នាងខ្ញុំនៅទទួលដដែលទេបងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រឡាញ់ពេញបេះដូង..!»។
ទាំងរឿងទី១ និងរឿងទី២ ពិតជាធ្វើឲ្យមហាជន និងអ្នកគាំទ្រនឹកស្មានមិនដល់សោះថា អាចកើតឡើងបានចំពោះតារាសម្ដែង និងជាតារាចម្រៀង សូ ដានីតា ខណៈដែលតារារូបនេះ បានជួបនូវរឿងរ៉ាវ និងបញ្ហាជាច្រើនត្រូវប្រឈមមុខដោះស្រាយម្នាក់ឯង។ បញ្ហាដែលតារាសម្ដែង សូ ដានីតា ជួបប្រទះនាពេលថ្មីៗនេះ គឺនាងតែងតែបង្ហោះជាសាធារណៈជាបន្តបន្ទាប់ ក្នុងនោះមានដូចជា បញ្ហាតុងទីនដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ និងបញ្ហាឪពុកក្មេកទើបទទួលមរណភាពជាដើម។
យ៉ាងណាមិញ នៅពេលនេះ សូ ដានីតា បានជួបប្រទះនូវរឿងរ៉ាវធំៗ ចំនួន២ទៀត គឺការលែងលះជាមួយលោក យុទ្ធ ឋានៈ ដែលជាប្ដីរួមរស់ជាមួយគ្នា និងការចែកផ្លូវការងារជាមួយនឹងលោក យ៉ែម សំអូន បន្ថែមទៀតធ្វើឲ្យបញ្ហាកាន់តែច្រើន ធ្លាក់មកលើរូបនាងតែម្នាក់។ នៅក្នុងការប៉ះទង្គិចគ្នាជាមួយនឹងលោក យ៉ែម សំអូន គេឃើញប្រធានសមាគមសិល្បករខ្មែរ ជួយសម្របសម្រួលបញ្ចប់រឿង ប៉ុន្តែលទ្ធផលមិនទាន់ដឹងច្បាស់ទេថា ទៅជាយ៉ាងណា ខណៈដែល សូ ដានីតា និយាយថា ទុកឲ្យពេលវេលាជាអ្នកកំណត់ទៅចុះ៕