ភ្លៀងបន្តធ្លាក់រាយប៉ាយ លើគ្រប់រាជធានី ខេត្ត ក្នុងកម្រិតពីមធ្យម ទៅបង្គួរ
ភ្នំពេញៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ស្ថានភាពភ្លៀងធ្លាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺដូចការព្យាកររបស់ក្រសួង ដោយចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២ ខែមេសា ហើយនៅរាជធានីភ្នំពេញ នៅយប់នេះ មានភ្លៀងប៉ះខ្លះតិចតួច តែយប់ស្អែក ថ្ងៃទី៣១ ខែមេសា ឃើញមានច្រើន។ ភ្លៀងធ្លាក់នៅថ្ងៃទី២៨ ខែមីនា មាននៅលើគ្រប់រាជធានី ខេត្ត ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងកន្លែងខ្លះ នៃខេត្តមួយចំនួន មានបរិមាណច្រើន ដល់ជិត ៨០ មីលីម៉ែត្រ ហើយនៅថ្ងៃបន្ទាប់ បរិមាណទឹកភ្លៀង ធ្លាក់អាចកើនឡើង ច្រើនថែមទៀត។
របាយទឹកភ្លៀង ធ្លាក់រយៈពេល ២៤ ម៉ោង គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅខេត្តកំពង់ចាម មានកម្រិតពី ៤ ដល់ ៤១ មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំ មានកម្រិតពី ១៣ ដល់ ៦២ មីលីម៉ែត្រ, ខេត្តកោះកុង មានកម្រិតពី ១ ដល់ ៤៦ មីលីម៉ែត្រ, ខេត្តព្រះសីហនុ មានកម្រិតពី ២ ដល់ ៤០ មីលីម៉ែត្រ, ខេត្តកែប មានកម្រិតពីតិច ដល់ ២២ មីលីម៉ែត្រ, ខេត្តកំពត មានកម្រិតពីតិច ដល់ ១៦ មីលីម៉ែត្រ, ខេត្តតាកែវ មានកម្រិតពី ១ ដល់ ៤២ មីលីម៉ែត្រ, ខេត្តស្វាយរៀង មាន កម្រិតពី ៥ ដល់ ២៧ មីលីម៉ែត្រ, ខេត្តប៉ៃលិន មានកម្រិតពី តិច ដល់ ១០ មីលីម៉ែត្រ, ខេត្តកំពង់ស្ពឺ មានកម្រិតពី ១ ដល់ ៥៣ មីលីម៉ែត្រ, ខេត្តព្រៃវែង មានកម្រិតពី ៦ ដល់ ៦៥ មីលីម៉ែត្រ, ខេត្តបាត់ដំបង មានកម្រិតពីតិច ដល់ ១៨ មីលីម៉ែត្រ, ខេត្តឧត្តរមានជ័យ មានកម្រិតពី ៨ ដល់ ៤១ មីលីម៉ែត្រ, ខេត្តរតនគិរី មានកម្រិតពីតិច ដល់ ៣៨ មីលីម៉ែត្រ, ខេត្តពោធិសាត់ មានកម្រិតពី ១០ ដល់ ១៣ មីលីម៉ែត្រ, ខេត្តសៀមរាប មានកម្រិតពីតិច ដល់ ១៨ មីលីម៉ែត្រ, ខេត្តស្ទឹងត្រែង មានកម្រិតពីតិច ដល់ ២៤ មីលីម៉ែត្រ, ខេត្តកំពង់ធំ មានកម្រិតពីតិច ដល់ ១០ មីលីម៉ែត្រ, ខេត្តកណ្តាល មានកម្រិតពី ៣ ដល់ ៧៨ មីលីម៉ែត្រ, ខេត្តបន្ទាយមានជ័យ មានកម្រិតពីតិច ដល់ ៨ មីលីម៉ែត្រ និងនៅរាជធានីភ្នំពេញ មានកម្រិតពីតិច ដល់ ១៣ មីលីម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៩ ខែមីនា បានជូនដំណឹង ស្តីពីស្ថានភាព ធាតុអាកាស សម្រាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថាៈ ព្រះរាជាណា ចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាប ពីសមុទ្រចិនខាងត្បូង និងឥទ្ធិពលទ្រនុងសម្ពាធ ខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតបង្គួរ បង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថា ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតមានឡើង នៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូង ប្រទេសវៀតណាម។ ពីថ្ងៃទី២ ដល់ ៥ ខែមេសា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតបង្គួរ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៦ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ៣៤ អង្សាសេ។ នៅតំបន់ទំនាបកណ្តាល ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣ ទៅ ៥ ខែមេសា បរិមាណភ្លៀង នឹងចុះខ្សោយទៅវិញ ទន្ទឹមនោះ សីតុណ្ហភាព អប្បបរមា ក៏ចុះត្រជាក់បន្តិច មកវិញដែរ ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៦ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ ៣៤ អង្សាសេ។ នៅអំឡុងពី ថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ពីថ្ងៃទី៣ ដល់ ៥ ខែមេសា បរិមាណទឹកភ្លៀង នឹងចុះខ្សោយ ទន្ទឹមនោះ សីតុណ្ហភាព អប្បបរមា ក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា បរិមាណភ្លៀង នឹងចុះខ្សោយទៅវិញ៕